ភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ ខណៈឡើងលាងម៉ាស៊ីនត្រជាក់ ស្រាប់តែឆក់ធ្លាក់ស្លាប់ភ្លាមៗនៅកន្លែង ទោះជាគ្រូពេទ្យទៅជួយមិនទាន់ដែរ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណតារាងបាល់ទាត់ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆាន់ សុវាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ បម្រើការងារនៅក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ចំណែកជាងម្នាក់ទៀតឈ្មោះ ថៃ សុខហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្រុមហ៊ុន មានស្រុកកំណើតនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ដោយឡែកម្ចាស់ផ្ទះដែលជួលជាងមកលាងម៉ាស៊ីនត្រជាក់ មានឈ្មោះ សុខ ចាន់ថន ហៅវ៉ៃ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ជាម្ចាស់ផ្ទះលេខ៦៤០ ផ្លូវបេតុង ភូមិព្រៃសាលា តែរស់នៅផ្ទះមួយទៀតនៅភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ សាកសួរលើម្ចាស់ផ្ទះ ជាងម្នាក់ទៀត និងស្នើសុំឱ្យជំនាញស្នងការក្រុងភ្នំពេញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.