ភ្នំពេញ៖ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាវេលារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ រាជរដ្ឋា ភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សមិទ្ធិផលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបាននៅប្រទេសបារាំងនោះ គឺ ប្រធានាធិបតីបារាំង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់កម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការប្រកាសគោលជំហរប្រឆាំងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ការបណ្ដុះបណ្ដាលជំនាញបោសសម្អាតមីនដល់ប្រទេសអ៊ុយក្រែន ការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីសិ្ថរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។ ហើយភាគីបារាំង បានសន្យាបន្តផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ២១៥លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីគាំទ្រដល់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងផលិតកម្មទឹកស្អាត។

ចំពោះប្រធានព្រឹទ្ធសភានិង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងក៏បានបង្ហាញការគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់ សម្ដេចធិបតី ក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបណ្តុះបណ្តាលភាសាបារាំង និងផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃប្រទេសក្នុងតំបន់អាស៊ីផងដែរ។

ដោយឡែកចំពោះក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវិញ សម្ដេចធិបតី បានអញ្ជើញចូលរួមជាអធិបតីក្នុង វេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ១១០ ក្នុងនោះ ៨០ ក្រុមហ៊ុនមកពីប្រទេសបារាំង  និង៣០ក្រុមហ៊ុនមកពីប្រទេសកម្ពុជា។ វេទិកានេះមានគោលដៅស្វែងយល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ជាពិសេសការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចធិបតី ក៏បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងលំដាប់អន្តរជាតិចំនួន ១១ក្រុមហ៊ុន ក្នុងនោះមានដូចជា ក្រុមហ៊ុន VINCI Airports (វិនិយោគគម្រោងសម្បទានថាមពល និងសំណង់) ក្រុមហ៊ុន Group ACCOR (វិនិយោគសេវាកម្មសណ្ឋាគារ) ក្រុមហ៊ុន Alstom (វិនិយោគទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធ) និងក្រុមហ៊ុន Électricité de France (វិនិយោគអគ្គិសនី) ជាដើម។

ហើយសមិទ្ធិផលនោះ គឺសម្ដេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យឯកជនចំនួន៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ច។

ដោយឡែកការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» ដោយផ្ដោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងកត្តាតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ បន្តបន្ទាប់សម្តេចមានជំនួបជាមួយមេដឹកនាំប្រទេស ឥស្សរជនបរទេស និងថ្នាក់ដឹកនាំអង្គការអន្តរជាតិ ដោយបានជួបពិភាក្សាដាច់ដោយឡែកជាមួយ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្រី្តអង់គ្លេស និងជាប្រធានប្រតិបត្តិវិទ្យាស្ថានបម្រែបម្រួលសកល ឯកឧត្តម John Kerry អតីតរដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិកទទួលបន្ទុកកិច្ចការអាកាសធាតុ នាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីថៃ រដ្ឋមន្រ្តីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអ្នកគ្រប់គ្រងនៃទីភ្នាក់ងារ USAID។ ក្នុងជំនួបទាំងនោះ សម្ដេចធិបតី និងដៃគូសន្ទនា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក។

ដោយឡែកជំនួបជាមួយបណ្ដាធុរជនឈានមុខឯណ្ណោះវិញ សម្ដេចធិបតី ក៏បានទទួលជួបពិភាក្សាដាច់ដោយឡែកជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិចំនួន ៩ ដោយថ្នាក់ដឹកនាំក្រុមហ៊ុននីមួយៗ  បានជម្រាប សម្ដេចធិបតី អំពីសក្ដានុពលវិនិយោគ ដោយបង្ហាញបំណងពង្រីកការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងសិក្សាអំពីលទ្ធភាពបោះទុនវិនិយោគថ្មីបន្ថែមទៀត។ សម្ដេចធិបតី បានចូលរួមអបអរសាទរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននីមួយៗ និងបានគូសបញ្ជាក់ថា ជាមួយនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពអំណោយផលនៃច្បាប់វិនិយោគ ក៏ដូចជាគោលការណ៍អនុគ្រោះផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងត្រៀមលក្ខណៈផ្ដល់ការគាំទ្រគ្រប់ពេលវេលា។

សម្រាប់រាជរដ្ឋាភិបាលជោគជ័យដ៏ធំធេងគួរជាទីមោទនៈដែលកម្ពុជាទទួលបានពីបេសកកម្មរបស់ សម្តេចធិបតី នៅប្រទេសបារាំង និងប្រទេសស្វីស ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ លទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំ ជំនាន់ទី១ គឺ សម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំ ជំនាន់ទី២ គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺមេដឹកនាំចាស់ពូកែសាងស្នាដៃ អ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ ចំណុចខ្លាំងនេះហើយដែលបង្កើតបានជាចលករលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងបានផ្តល់ភាពស័ក្តិសមសម្រាប់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាបារាំង  ក្នុងការទទួលបដិសណ្ឋារកិច្ចប្រមុខដឹកនាំកម្ពុជាប្រកបដោយកិត្តិយសលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប៕

Share.