​កំពង់ស្ពឺ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី អាយុ៥២ឆ្នាំ មុខរបរជានគរបាល មានឋានៈជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី  (ទទួលផែនការពារនិងអន្តរាគមន៍)។

លោក ឃុត វឌ្ឍនា ​មានទីកន្លែងកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ទីលំនៅមុនពេលឃុំខ្លួនស្នាក់នៅផ្ទះលេខ ០៨CP ផ្លូវលេខ២៣៦ ភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព។

គួររម្លឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ​ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទទួលផែនអន្តរាគមន៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក បន្ទាប់ពីលោកបានក្លែងឯកសាររៀបការជាមួយនារីម្នាក់ទៀត ដោយមិនទាន់បានលែងលះដាច់ស្រេច។

នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។​

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ ដែលជាភរិយាក្រោយដោយលោកចៅសង្កាត់កណ្តោលដុំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទ៖ចតុមុខ

Share.