ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានច្រានចោលលក្ខខណ្ឌដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង ដោយលក្ខខណ្ឌនោះនឹងរួមបញ្ចូលការដកខ្លួនរបស់អ៊ីស្រាអែលទាំងស្រុង និងឱ្យក្រុមហាម៉ាស់ ឡើងកាន់អំណាចពេញលេញនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

នៅពេលដែលយន្តហោះអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកនៅទីក្រុង Khan Younis តំបន់ហ្គាហ្សាភាគខាងត្បូង មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Sami Abu Zuhri បានប្រាប់រ៉យទ័រថា «ការបដិសេធរបស់មេដឹកនាំអ៊ីស្រាអែល ក្នុងការបញ្ចប់ការវាយលុកដោយយោធានៅតំបន់ហ្គាហ្សា មានន័យថា ពួកគេនឹងគ្មានឱកាសទទួលការវិលត្រឡប់របស់ចំណាប់ខ្មាំងអ៊ីស្រាអែលទេ»។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់យើង ក្រុមហាម៉ាស់ទាមទារឱ្យមានការបញ្ចប់សង្រ្គាម ការដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្គាហ្សា និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ហើយ​ទុក​ឲ្យ​ក្រុម​ហាម៉ាស​នៅ​ដដែល»។

ប៉ុន្ដែលោក Netanyahu បាន​និយាយ​ថា​៖ «​ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​លក្ខខណ្ឌ​របស់​ក្រុម​ហាម៉ាស។ នៅក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កាលពីខែវិច្ឆិកា ឆ្នាំមុន បាននាំឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាង ១០០នាក់ ក្នុងចំណោមចំណាប់ខ្មាំង ២៤០នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅហ្គាហ្សា អំឡុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ២៤០នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៉ីស្រាអែល។

ចាប់តាំងពីកិច្ចព្រមព្រៀងនោះបានបញ្ចប់មក លោក Netanyahu បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ដើម្បីធានាឱ្យបាននូវការដោះលែងចំណាប់ខ្មាំងទាំង ១៣៦នាក់ ដែលនៅតែជាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស។ គ្រួសារចំណាប់ខ្មាំង បាននាំគ្នាតវ៉ានៅខាងក្រៅលំនៅដ្ឋានរបស់ លោក Netanyahu ដោយបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងមិនបោះបង់ចោលជនស៊ីវិល ទាហាន និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួននៅក្នុងជម្លោះខែតុលា ឆ្នាំមុនឡើយ។ យើងត្រូវតែជំរុញកិច្ចព្រមព្រៀងឥឡូវនេះ»។

ប្រជាជនអ៉ីស្រាអែល បន្ដថា «ប្រសិនបើនាយករដ្ឋមន្ត្រី សម្រេចចិត្តលះបង់ចំណាប់ខ្មាំង គាត់គួរតែបង្ហាញភាពជាអ្នកដឹកនាំ និងចែករំលែកជំហររបស់គាត់ដោយស្មោះត្រង់ជាមួយសាធារណជនអ៊ីស្រាអែល»។

យ៉ាងណាម៉ិញ សាច់ញាតិរបស់ចំណាប់ខ្មាំង នៅតែធ្វើការតវ៉ានៅខាងក្រៅលំនៅដ្ឋានរបស់លោក Netanyahu ដើម្បីទាមទារឱ្យមានសកម្មភាពណាមួយ ឈានទៅរកការបញ្ឈប់សង្រ្គាម និងទទួលបានសមាជិកដែលក្រុមហាម៉ាសចាប់យកទៅត្រឡប់មកវិញ៕

ប្រភព៖ CNA

Share.