បាត់ដំបង៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន អាចមានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់លើផ្ទៃដី ១៥០ ០០០ហិកតា កាលណាក្រសួងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់។ បន្ថែមពីនេះ​ ក្រសួងក៏អះអាងថា កសិករនឹងអាចបង្កបង្កើនផលបាន ២ទៅ ៣ដងក្នុងមួយឆ្នាំផងដែរ។

នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះខណៈឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក បានចុះពិនិត្យផ្ទៀងផ្ទាត់លើទីតាំងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៅស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា  ក្រោយពេលសាងសង់រួចអាងទឹកស្ទឹងក្រញូងអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រគូប ដែលធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល និងប៉ៃលិន បានរាប់ម៉ឺនហិកតា របស់កសិករជាច្រើនម៉ឺនគ្រួសារ។ បន្ថែមពីនេះ ទំនប់អាងទឹកស្ទឹងក្រញូងក៏អាចជួយផ្គត់ផ្គង់ទឹកបន្ថែមដល់ទំនប់អាងសេកសក តំបន់កង្ហត មោងឬស្សី ព្រែកជីក គាស់ក្រឡ សាលាតាអន ឯកភ្នំ អន្លង់វិល សង្កែ និងជាពិសេសបង្កើនបានជាអតិបរិមានូវបរិមាណទឹកដ៏ច្រើនបំផុតឱ្យតំបន់អាងទឹកកំពីងពួយផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ប្រព័ន្ធអាងទឹកក្រញូងមានទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងប្រភពទឹកផ្សេងៗទៀតមកពីតំបន់ប៉ៃលិនគឺប្រព័ន្ធអាងទឹក និងជ្រោះដ៏ជ្រៅអូរស្លេវដែលអាចជួយសង្គ្រោះផ្ទៃដីដាំដុះ និងបម្រើបម្រាស់ឱ្យគ្រប់វិស័យទាំងអស់បានជាច្រើនម៉ឺនហិកតាបន្ថែមទៀតដល់តំបន់មួយចំនួនដែលសម្បូរការដាំដុះក្នុងខេត្តចំនួនបី។ក្នុងនោះមានតំបន់អូរដូនតារបស់ខេត្តប៉ៃលិន តំបន់សំឡូត តំបន់អូរម៉ាល់ តំបន់បាណន់របស់ខេត្តបាត់ដំបង និងតំបន់ព្រៃខ្ពស់ តំបន់អូរស្ងួត តំបន់អូរចារ និងតំបន់អូសឿររបស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។ ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ក្រោយពេលសាងសង់ធ្វើទំនើបកម្មវិស្វកម្មរួចទំនប់ អាងទឹកអូរស្លេវ ដែលស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានសមត្ថភាពស្តុកទឹកបាន ១៥០លាន ម៉ែត្រគូប។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់ ពេលនោះផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០ ០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ហើយបងប្អូនប្រជាកសិករនឹងសប្បាយរីករាយដោយសារការផលិតបាន ២-៣ ដង ក្នុងមួយឆ្នាំ៕

Share.