ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សចំនួន ៤៧នាក់ត្រូវបានកប់នៅក្នុងការបាក់ដីនៅក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន នាថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ការរអិលបាក់ដីបានកើតឡើងនៅម៉ោង ៥:៥១នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងស្រុក Zhenxiong។

ដោយឡែកទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា «ផ្ទះប្រហែល ១៨គ្រួសារត្រូវបានកប់នៅក្នុងការរអិលបាក់ដី ហើយមនុស្សជាង ២០០នាក់ត្រូវបានជម្លៀសចេញពីតំបន់កើតហេតុនោះជាបន្ទាន់»។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់មួយ ជាមួយនឹងអ្នកជួយសង្គ្រោះជាង ២០០នាក់ ព្រមទាំងបាននាំយកម៉ាស៊ីនជួយសង្រ្គោះរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀតទៅតំបន់រងគ្រោះ។

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអ្នកផ្សាយក្នុងស្រុកបានបង្ហាញពី បុគ្គលិកសង្គ្រោះបន្ទាន់ក្នុងឈុតពណ៌ទឹកក្រូច និងមួកសុវត្ថិភាពដើរស្វែងរកមនុស្សតាមគំនរកំរាលឥដ្ឋ ដែលបានដួលរលំចំកណ្តាលភ្នំដ៏ខ្ពស់ដែលពោរពេញដោយគ្រាប់ព្រិល។

គួរបញ្ជាក់ថា ការរអិលបាក់ដី គឺជារឿងធម្មតានៅក្នុងខេត្តយូណាន ដែលជាតំបន់ដាច់ស្រយាលនៃប្រទេសចិន ដែលមានជួរភ្នំដ៏ចោតទល់នឹងខ្ពង់រាបហិម៉ាឡៃយ៉ាន។

ប្រទេស​ចិន​បាន​ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ជាច្រើនដង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយគ្រោះមហន្ដរាយ​ខ្លះ​កើតឡើងបន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ។

កាលពីខែសីហា ឆ្នាំមុន មនុស្សជាង ២០នាក់ បានស្លាប់នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការបាក់ដីនៅជិតទីក្រុង ស៊ីអាន (Xi’an) ភាគខាងជើងប្រទេសចិន ហើយកាលពីខែមិថុនា មានការបាក់ដីនៅភាគនិរតីនៃខេត្ត Sichuan បានសម្លាប់មនុស្ស ១៩នាក់៕

ប្រភព៖ CNA

Share.