សិល្បៈ​ជាតិ​៖ តាំ​ងពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មករា ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២៤ នេះ​ ប្រធាន​បទ​ក្ដៅ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម ​កំពុង​ជជែក​វែក​ញែក​គ្នា​នោះ​ គឺ​រឿង​អតីត​តារា​ចម្រៀង​ Lee Seung-hyun (លី សឹងហ៊ុន) ឬ ​ឈ្មោះ​ក្នុង​សិល្បៈ Seungri អតីត​សមាជិក BigBang លេច​មុខ​ក្នុង​កម្មវិធី​ជប់លៀង​ក្នុង​ក្លិប​កម្សាន្ត​ដ៏​ធំ​មួយ​នា​ទីក្រុង​ភ្នំពេញ​។

ត្បិត​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សម្ដែង​ពី​ការ​សប្បាយអរ​ ចំពោះ​វត្តមាន​អតីត​តារា​ចម្រៀង​ K-pop ដ៏​ល្បីល្បាញ​កម្រិត​ពិភពលោក​រូប​នេះ​នៅ​កម្ពុជា​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ដឹង​សាច់​រឿង​ពិត​ដ៏​ស្អុយ​គគ្រុកនៅ​ពីក្រោយ​រូប​ភាព​សុភាព​និង​ស្រស់​សង្ហា​ ​របស់​តារា​រូប​នេះ​នៅ​ប្រទេស​កូរ៉េ​ ពួក​គេ​ហាក់​មិន​សប្បាយ​ចិត្ត​ និង​ត្រេក​អរ​ចំពោះ​ការ​មក​ដល់​របស់​ Seungri នោះ​ឡើយ​។

វត្តមាន​របស់​ Seungri ត្រូវ​បាន​ចែក​ចាយលើ​បណ្ដាញសង្គម​ ដោយ​សារ​មាន​អ្នក​សិល្បៈ​និង​បុគ្គល​ល្បីៗជា​ច្រើន​បាន​បង្ហោះ​ចែក​រំលែក​ជា​សាធារណៈ​ ដូចជា​ ​តារា​សម្ដែង ​និង​ ចម្រៀង​ ព្រីន លោក​បាន​បង្ហោះ​រូប​ភាព​និង​សរសេរ​ថា​ បង្រៀនពូ Seungri ( Big Bang K-pop ) ឲ្យចេះសំពះ ខណៈ​ដែល​ស្រីស្អាត​ក្រុម​រាំ​ ARROW PLAS បាន​បង្ហោះ​រូប​ភាព​វីដេអូ​ថត​រូប​អនុស្សាវរីយ៍ជាមួយ​នឹង​ Seungri នៅ​លើ​បណ្ដាញសង្គម​របស់​ខ្លួនផងដែរ​។

នៅ​ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​បុគ្គល​ល្បីៗ​ជា​ច្រើន​ដែល​បាន​ចែក​រំលែក​រូប​ភាព​ជាមួយ​នឹង​អតីត​តារាច​ម្រៀង​ក្នុង​ក្រុម BigBang រូប​នេះ​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​មក​អបអរ ត្រេកអរនិង​ស្វាគមន៍​ ចំពោះ​ការ​មក​ដល់​ទឹកដី​កម្ពុជា​របស់​ Seungri ក៏មាន​អ្នក​មួយ​ចំនួន​ដែល​បាន​ដឹង​សាច់​រឿង​ និង​បទ​ឧក្រិដ្ឋ​ដែល​លោក​បាន​ប្រព្រឹត្តិ​នៅ​ប្រទេស​កំណើត​ សម្ដែង​មតិ​ មិន​ពេញ​ចិត្ត និង​មិន​ស្វាគមន៍​បុរស​កូរ៉េ​​រូប​នេះ​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ឡើយ​។ បើ​មើលទៅតាម​មតិយោបល់​ជា​ច្រើន​ពី​ភាគី ​អ្នក​មិន​ស្វាគមន៍​ Seungri ពួក​គេ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​អំពើ​ដ៏​សែន​ថោកទាប​ដែល​បុរស​វ័យ​ 33 ឆ្នាំ​រូប​នេះ​បាន​ប្រព្រឹត្តិ​នា​ពេល​កន្លង​មក​ទៅលើ​ស្ត្រី​ភេទ​។

ករណី​អាស្រូវ​របស់​ Seungri ក៏​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ Taxi Driver2 ដោយ​នៅ​ក្នុង​ភាគ​ទី​១១ដល់​១៣ គេ​បាន​លើក​យក​ករណី​នោះ​មក​លាតត្រដាង​តាម​រយៈ​តួអង្គ​ឈ្មោះ​ Victor ដែល​មាន​ន័យ​ថា​ជ័យជំនះ​ ដោយចង់​សំដៅ​ដល់​ Seungri ព្រោះ​ឈ្មោះ​របស់​លោក​មាន​ន័យថា​ជ័យ​ជំនះ នៅ​ក្នុង​ភាសាកូរ៉េ​។ ត្រយង​សូម​ដក​ស្រង់​អ្នក​ដែល​បង្ហាញ​មតិ​និង​ទស្សនៈ មិន​ស្វាគមន៍​ Seungri ដូច​ខាង​ក្រោម៖

«ថតជាមួយ​នឹង​មាន​ដឹង​ប្រវត្តិទេ?» «ស្រុកខ្ញុំ​គេ​ Proud ព្រោះ​បាន​ថត​ជាមួយ​ Seungri» «I’m Disgusted ឬ​ ខ្ញុំ​ខ្ពើម​រអើម​ខ្លាំងណាស់» «មួយ​ៗ​សប្បាយ​អរណាស់​ តិចទៀត​វាស៊ីខ្លួន​ប្រាណ​ហើយចាប់លក់​ទើបដឹង​!» «ចាប់យកទៅលក់​ឱ្យ​អស់ទៅ​ Oppa» «ខំទៅ​ប្រយ័ត្នវាចាប់លក់» «Blacklist ឬជន​ស្ថិត​ក្នុង​បញ្ជីខ្មៅ​ Criminal ឬឧក្រិដ្ឋជន»

ក្រៅ​ពី​ជា​តារាចម្រៀង​​អាជីព​ហើយ​នោះ​ Seungri គឺជាអ្នក​ជំនួញ​មួយរូប​ ដែល​មាន​តួនាទី​ធំៗ​ក្នុង​វិស័យ​ធុរៈ​កិច្ច​ដូច​ជា​ Sublabel YGX, ​ ហាង​ Ramen និង​ក្លិបកម្សាន្ត​។

ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ដឹង​ពី​សាច់​រឿង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ Seungri ហើយ​ផ្ទុះ​ចេញ​រឿង​រ៉ាវអាស្រូវ​នោះ​ គឺចេញ​ពី​ក្លិប​កម្សាន្ត​មួយកន្លែង​របស់​លោក​មាន​ឈ្មោះ​ថា​ Burning Sun។ ក្លិបកម្សាន្ត​នេះ​ បាន​លាក់​បង្កប់​នូវ​រឿវរ៉ាវ​ដ៏​កខ្វក់​និង​ខ្មៅ​ងងឹត​ជា​ច្រើន​ ដូច​ជា​ការ​រំលោភបំពាន ការជួយ​ដូរផ្លូវភេទ ពេស្យាចារ​ ការ​ចែក​ចាយនិង​លក់​ថ្នាំ​ញៀន លាក់​បង្កប់​កាមេរ៉ា​ គេច​ពន្ធ និង​អំពើពុក​រលួយ​របស់​ប៉ូលិស​តំបន់ចូលដៃជើងជួយ​ជន​ខិលខូច​។ល។

នៅ​ក្នុងរឿង Taxi Driver តួ​ Victor ដែល​តំណាង​ឱ្យ​ Seungri ឱ្យ​តែ​ចាប់អារម្មណ៍​លើ​ស្ត្រី​រូប​ណា​ដែល​មក​លេង​កម្សាន្ត​ក្នុង​ក្លិប​ គាត់​នឹង​ប្រាប់​អ្នក​ធ្វើ​ការ​ក្នុង​ក្លិប​នោះ​ ហើយ​ពួក​គេ​នឹង​ប្រើ​ល្បិច​រៀបគម្រោង​ ដាក់​ថ្នាំរួច​នាំ​នាង​យក​ទៅ​បន្ទប់​ដើម្បីរំលោភ​បំពាន​ និង​ថត​វីដេអូ​ទុក​ដើម្បី​យក​ទៅ​ចែក​ចាយ​នៅ​ក្នុង​ Group Chat។ ពួក​គេទាំង​នោះ​ចាត់​ទុក​ស្រីៗ​ប្រៀបដូច​ជា​ទំនិញ​ ហើយ​បើទោះ​ជា​នារីរងគ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ ប៉ុន្តែ​គ្មាន​អ្នក​ណា​ជួយ​នោះ​ឡើយ​ ព្រោះ​ប៉ូលិស​​គឺជា​ដៃ​ជើង​របស់​ពួក​គេ​។

ថ្វីត្បិតបច្ចុប្បន្ន​រូប​គេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តអាជីព​សិល្បៈ​របស់​គេ​នៅ​ប្រទេស​កូរ៉េ​ មិន​អាច​ត្រលប់​ទៅរក​ភាព​រុង​រឿង​​ដូច​មុន​បាន​នោះឡើយ​ ហើយ​ការ​ដែល​បុរស​ដ៏​គ្រោះ​ថ្នាក់​និង​ចាត់​ទុក​មនុស្ស​ស្រី​ជា​ឧបករណ៍​បំរើ​ការ​សប្បាយ​បង្ហាញ​ខ្លួន​ក្នុ​ង​ក្លិប​កម្សាន្ត​​របស់​កម្ពុជា​ ធ្វើឱ្យ​មនុស្ស​ជា​ច្រើន​ ស្រមៃ​ដល់​រឿង​ដែល​គេ​ធ្លាប់​បាន​ប្រព្រឹត្តិ​ និង​បារម្ភ​ពី​សុវត្ថិភាព​របស់​មនុស្សស្រី​។ មួយ​វិញ​ទៀត​គេ​យល់ឃើញ​​ថា​ ការ​ដែល​ផ្ដល់​ឱកាស​ ឱ្យ​មនុស្ស​បែប​នេះ​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ឡើង​វិញ នឹង​ធ្វើ​ឱ្យ​មនុស្ស​លែងខ្វល់ ​ឬ​លែង​ខ្លាច​ការ​ប្រព្រឹត្តិ​អំពើ​ខុស​ឆ្គង​ ដោយ​សារ​គេ​មិន​ទទួល​បាន​មេរៀន​ធ្ងន់ធ្ងរ​ណាមួយ​ ដូច្នេះ​ពួក​គេ​នឹង​យល់​ថា ​ទង្វើ​អាក្រក់​របស់​ខ្លួន​​មិន​យូរ​មិន​ឆាប់នឹងត្រូវ​បាន​​អ្នក​ដទៃ​បំភ្លេច​​ចោល​៕

Share.