ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងការងារ បានបង្ហោះប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការងារ ដែលបានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារការងារតាមរោងចក្រសហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការងារបុគ្គលិកជំនាញក្នុងស្រុកប្រមាណ ៣ម៉ឺនកន្លែងទៀត ខណៈទីផ្សារនៅប្រទេសជប៉ុនក៏ត្រូវការពលករជំនាញពីកម្ពុជាចន្លោះពី ៣ពាន់ទៅ ៥ពាន់កន្លែងផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

ការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ធ្វើឡើងក្នុងជំនួបជាមួយយុវជនដែលបានចុះឈ្មោះចូលរួមជំនាញវិជ្ជាជីវៈផ្សេងៗប្រមាណ ២ម៉ឺននាក់ដោយខ្លះមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនមកពីសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិតជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា បច្ចុប្បន្នទីផ្សារការងារត្រូវការបុគ្គលិកផ្នែកជំនាញក្នុងនោះមានដូចជាផ្នែកអគ្គិសនី មេកានិច ការជួសជុលរថយន្ត និងកសិកម្មជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងណែនាំដល់អ្នកពាក់ព័ន្ធពិសេសមន្រ្តីក្រសួងការងារតែម្តង ត្រូវអន្តរាគមន៍ជ្រើសរើសសិក្ខាកាមដែលបានមកបណ្តុះបណ្តាលជំនាញជាមួយក្រសួង ដើម្បីបញ្ចូលក្នុងទីផ្សារការងារតាមតម្រូវការជាក់ស្តែងនិងតាមសមត្ថភាពរបស់សិក្ខាកាម។

យោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងការងារបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ក្រសួងការងារបានបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនមកពីសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ប្រមាណជាង ៦៧០ ថ្នាក់ ទៅលើមុខជំនាញចំនួន ១០ ដែលមានសិស្សប្រមាណជិត ២ ម៉ឺននាក់ក្នុងនោះស្រីមានជាង ៧ ពាន់នាក់។

ក្នុងនោះវិស័យចំនួន ១០ មានផ្នែកសំណង់ចំនួន ១៨៩ ថ្នាក់ អគ្គិសនីនិងថាមពលចំនួន ១៤ ថ្នាក់ អេឡិចត្រូនិកចំនួន ៤១ ថ្នាក់ កម្មន្តសាលចំនួន ៥៣ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន ១០៤ ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១០១ ថ្នាក់, សេវាកម្មចំនួន ៣២ ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦០ ថ្នាក់ ទេសចរណ៍ចំនួន ៤១ ថ្នាក់, និង កសិកម្ម និង កសិ-ឧស្សាហកម្មចំនួន ៣៨ ថ្នាក់។

សូមរំលឹកថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ របស់​រាជរដ្ឋាភិបាល បាន​បើក​វគ្គ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយ​មាន​យុវជន​ចុះ​ឈ្មោះ​ចូលរៀន​ប្រមាណ​ជិត ២ ម៉ឺន​នាក់ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

ដោយឡែកការ​ចុះ​ឈ្មោះ​ចូលរៀននេះ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ ហើយ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែទៀតផង។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ៕

Share.