ភាពយន្ត​រឿង​ថ្មី​របស់​ គួរ​ហ្វូឆឹង (Aaron Kwok ) និង គូ ធៀនឡឺ ហៅ យ៉ាង​គួរ ដែល​ត្រូវ​ថត​នៅ​ប្រទេស​ថៃ​ តែ​ដោយ​សារ​មេរោគ​កូវីដ​រាតត្បាត​ខ្លាំង​​ធ្វើ​ឱ្យ​ក្រុម​ការងារ​រឿងនេះ​ត្រូវ​ផ្អាក​ផែនការ​ហើយ​សម្រេច​ចិត្ត​សាងសង់​ភូមិ​ជនជាតិ​ថៃ​មួយ​ឡើង​មក​ថ្មី​​ដើម្បី​ថត​ភាពយន្ត​នេះ​ជំនួស​វិញ​។

តាម​ព័ត៌មាន​ភាពយន្ត​រឿង​ «The White Storm3» បាន​បញ្ចេញ​លុយ​ប្រមាណ​១០​លាន​ដុល្លារ​ហុងកុង​ (ប្រមាណ​​ជាង​១​លាន​២​សែនដុល្លារ​) កសាង​ឈុត​ឆាក​ភូមិជនជាតិ​ថៃ​ថ្មី​មួយ​នៅ​ហុង​កុង​ដើម្បី​ថត​។

ព័ត៌មាន​ក៏​បាន​ផ្សាយ​ទៀត​ថា​​ ឧបករណ៍​ផ្សេង​ៗ​​យក​មក​ពី​ប្រទេស​ចិន​ដី​គោក​ ដើម្បី​ឱ្យ​រូបភាព​ភូមិ​នវ​មើល​ទៅ​ដូច​ការ​ពិត​បំផុត​ ដល់​ថ្នាក់​រ៉ើ​ផ្ទះ​ទាំង​មូល​ ហើយ​សង់​ផ្ទះ​ថ្មី​ឡើង​មក​ថែម​ទៀត​។

ភាពយន្ត​ឃាតកម្ម​ដែល​និយាយ​ពី​ពួក​លក់​ថ្នាំ​ញៀន​មួយ​នេះ​ បាន​ថត​ឈុត​ឆាក​នៅ​ក្នុង​ប្រទេស​ចិន​ដី​គោក​រួច​រាល់​ហើយ​ នៅ​សល់​តែ​ឈុត​ឆាក​ហេតុ​ការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ប្រទេស​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​មិ​ន​ស្រាកស្រាន ទើប​ក្រុម​ផលិត​សម្រេច​ចិត្ត​ថត​នៅ​ហុងកុង​ជំនួស​វិញ​។

ផលិតករ​​ផលិត​រឿង​ «The White Storm3» ប្រចាំ​ផលិតកម្ម​ Universe បាន​ទទួល​ស្គាល់​ថា​ ភាពយន្ត​នេះ​មិន​អាច​ទៅ​ថត​នៅ​ក្នុង​ប្រទេស​ថៃ​ ធ្វើឱ្យ​ផលិតកម្ម​បាត់បង់​ប្រាក់​មិន​តិច​នោះ​ទេ​ តែ​លោក​បដិសេធ​មិន​និយាយ​ពី​ចំនួន​១០​លាន​ដុល្លារ​ ដូច​ដែល​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​នោះ​ទេ​។

«យើង​ត្រូវ​កសាង​ភូមិ​ជនជាតិ​ថៃ​ឡើង​មក​ ដែល​ចាំ​បាច់​ត្រូវ​ការ​ប្រាក់​ចំណាយ​យ៉ាង​ច្រើ​ន​ ខ្ញុំ​សុំ​មិន​និយាយ​ថាប៉ុន្មាន គ្រាន់តែ​អាច​និយាយ​បាន​ថា​ច្រើន​ខ្លាំង​ណាស់»៕

Telegram-Troryorng
Share.