អែល-អារីស, ប្រទេសអេហ្ស៊ីប៖ មនុស្សប្រហែល ១,០០០នាក់មកពីតំបន់ហ្គាហ្សា ត្រូវបានទទួលការព្យាបាលពីនាវាចម្បាំងរបស់បារាំង ដែលឈប់ចតនៅលើឆ្នេរសមុទ្រនៃប្រទេសអេហ្ស៊ីប ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងតំបន់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមបានដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

នាវា​ផ្ទុក​ឧទ្ធម្ភាគចក្ររបស់បារាំង ដែលមានឈ្មោះថា Dixmude បាន​ចូល​ចត​នៅ​កំពង់ផែ El-Arish របស់​អេហ្ស៊ីប ចម្ងាយ ៥០គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​តំបន់ហ្គាហ្សាស្រ្ទីប ចាប់តាំងពី​ខែវិច្ឆិកា។ នាវានេះត្រូវបានបំពាក់ដោយបន្ទប់ពេទ្យ និងមានបុគ្គលិកពេទ្យចំនួន ៧០នាក់។

លោក Alexandre Blonce ដែលជាកាពីទែននាវាខាងលើ បាននិយាយថា អ្នករងរបួសជិត ១២០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងបន្ទប់ពេទ្យ ខណៈមនុស្សរាប់រយនាក់ទៀត កំពុងទទួលការពិគ្រោះជំងឺដែលរួមមានការពិនិត្យរបួស និងបញ្ហាផ្លូវចិត្ត ដោយលោក ចាត់ទុកថាជា «បេសកកម្មមួយមិនធ្លាប់មានពីមុនមក»។

គួររំលឹកថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាមទាំងស្រុង ដើម្បីសងសឹក និងកម្ចាត់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងកាន់អំណាចនៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានឆ្លងព្រំដែនចូលវាយប្រហារទៅក្នុងទីក្រុង និងមូលដ្ឋានទ័ពភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ ជាចំណាប់។ ចាប់តាំងពីមានការវាយប្រហារពីក្រុមហាម៉ាស កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥,០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការឱ្យដឹងពីក្រសួងសុខាភិបាលក្នុងតំបន់។

ទន្ទឹមនោះអង្គការសុខភាពពិភពលោក ក៏បានឱ្យដឹងផងដែរថា ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សា ជួបការលំបាកក្នុងការទទួលបានការថែទាំសុខភាពនៅផ្ទះ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានរងរបួស ដោយភាគច្រើននៃមន្ទីរពេទ្យទាំង៣៦ របស់ហ្គាហ្សា លែងដំណើរការ ខណៈមន្ទីរពេទ្យដែលនៅសេសសល់កំពុងដំណើរការលើសពីសមត្ថភាពរបស់ខ្លួនហើយ ពោលគឺប្រឈមនឹងខ្វះខាតថ្នាំពេទ្យ អគ្គិសនី និងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀត៕

ប្រភព៖ CNA

Share.