ភ្នំពេញ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានបង្ហោះជូនដំណឹងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពីការលែងត្រឡប់សត្វត្មាតភ្លើងជំទង់មួយក្បាលចូលទៅក្នុងជម្រកធម្មជាតិវិញ បន្ទាប់ពីក្រុមការងារពាក់ព័ន្ធបានជួយសង្គ្រោះអស់រយៈពេលជាង ៩ខែ។

ទំព័រហ្វេសប៊ុក NatureLife Cambodia រំលឹកថា កាលពីខែឧសភា ឆ្នាំ២០២៣ សត្វត្មាតភ្លើង (Sarcogyps calvus) ជំទង់មួយក្បាល ត្រូវបានជួយសង្គ្រោះតាមរយៈការរួមសហការគ្នាពីសមាជិកក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ប្រចាំកម្ពុជា (WWF-Cambodia)  និង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។

សត្វត្មាតនេះរងការឈឺចាប់នឹងមុខរបួសច្រើនកន្លែង ហើយបានប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈពេលនៃដំណើរការស្តារនីតិសម្បទារបស់វា ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សចម្រុះ (ACCB)។ យ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ នេះ សត្វត្មាតភ្លើងមួយក្បាលនេះត្រូវបានលែងត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិរបស់វាវិញ នៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព ។

មុនពេលលែង សត្វត្មាតបានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងទ្រុង/ រោង នៅកន្លែងលែងសត្វ ដើម្បីធ្វើឱ្យវាស៊ាំជាមួយនឹងបរិស្ថានជុំវិញខ្លួនវា ។ លើសពីនេះទៅទៀត សត្វត្មាតត្រូវបានបំពាក់ដោយឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ GPS/ GSM ផងដែរ។

ឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ នេះនឹងអនុញ្ញាតឱ្យមានការសង្កេតតាមដានក្រោយពេលលែង និង ការប្រមូលទិន្នន័យដ៏មានតម្លៃអំពីអាកប្បកិរិយា និង ជីវសាស្រ្ដរស់នៅ របស់ប្រភេទសត្វនេះ ។ ព័ត៌មានទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សប្រភេទសត្វនេះ ។ 

ការជួយសង្គ្រោះ ការស្តារនីតិសម្បទា និង ការលែងសត្វត្មាតនេះ បង្ហាញឱ្យឃើញពីសារៈសំខាន់នៃក្រុមការងារ   អភិរក្សសត្វត្មាតកម្ពុជា (CVWG) និង កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការអភិរក្សនៅកម្ពុជា ដើម្បីការពារជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសយើង ៕

Share.