សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសដែលបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ។ បើតាមសេចក្តីរាយការណ៍ការបញ្ជូនខ្លួននេះដើម្បីចាត់ការតាមនីតិវិធីដ្បិត ជាប់ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់។

ជនបង្កហេតុត្រូ​វបញ្ជូនមកតុលាការ។

គួររំលឹកថា កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់​ មានករណី​គ្រោះថ្នាក់ចរាចរណ៍​បុករះមួយ​បាន​កើត​ឡើង​នៅចំណុច​ក្រោម​ស្ពានអាកាសឫស្សីកែវ ស្ថិត​ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាល​ឱ្យ​មាន​មនុស្សប្រុសស្រី​៤នាក់​បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

រថយន្ត​បង្ក​ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរ​ដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកបរ​ក្នុង​កម្រិត​ជាតិ​អាកុល ០.៥៤។

ប្រភព​ព័ត៌មាន​បានឱ្យដឹងបន្តថា នៅ​មុន​ពេល​កើតហេតុ​នៅ​ចំណុច​ទីតាំង​ខាងលើ​កំពុង​មាន​ការ​មមាញឹក​ចរាចរណ៍​ ខណៈ​រថយន្ដនឹងម៉ូតូជាច្រើន​គ្រឿង​ឈប់​រង់ចាំ​ស្ដុប ភ្លាមៗ​ស្រាប់​តែ​មានរថយន្ត​ម៉ាក​ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿនមក បុករះម៉ូតូ និង រថយន្ដពេញទំហឹង​ជាច្រើនគ្រឿង បណ្ដាល​ឱ្យ​មាន​មនុស្ស​ដេក​ដួល​រដូករណែល​ពេញផ្លូវ ខ្លះ​កៀប​ជាប់​ក្រោម​រថយន្ដ៕

អត្ថបទ៖ចតុមុខ

Share.