ទីក្រុងប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារនៅតាមតំបន់ភ្នំនៃព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថាន នាថ្ងៃអង្គារ នេះ ដែលបង្កឱ្យមានការព្រមានអំពីការខូចខាតដែលអាចកើតមានក្នុងទ្រង់ទ្រាយធំ ទោះបីជាមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសភ្លាមៗក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមសង្រ្គោះមួយក្រុម ដើម្បីទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដី ខណៈមនុស្សប្រហែល ៨០០នាក់កំពុងត្រៀមខ្លួនសម្រាប់បេសកកម្មជួយ សង្គ្រោះមនុស្សពីគ្រោះមហន្តរាយដ៏ធំណាមួយ។

ការរញ្ជួយដីនេះ ត្រូវបានប្រកាសនៅម៉ោង ២:០០ទាបភ្លឺ ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) នៅជម្រៅ ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Aksu។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ រាយការណ៍ថា ផ្ទះចំនួន២ខ្នង និងកន្លែងចិញ្ចឹមសត្វបានដួលរលំនៅក្នុងតំបន់ក្បែរចំណុចកណ្តាលនៃការរញ្ជួយដី ក្នុងតំបន់ Wushi County ខណៈអគ្គិសនីត្រូវបានដាច់ជាបណ្តោះអាសន្ន។

យោងតាមអ្នកយកព័ត៌មានរបស់ AFP បានឱ្យដឹងថា មនុស្សម្នាបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវក្នុងរដ្ឋធានី ប៊ីស្កេក (Bishkek) របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បន្ទាប់ពីគ្រោះរញ្ជួយដីបានបង្កឱ្យមានការរញ្ជួយដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់ព្រំដែនរវាងប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន៕

ប្រភព៖ CNA

Share.