សិល្បៈជាតិ៖ កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ Miss Global International 2023 បាន​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ គំរប់​ខួប​១០​ឆ្នាំ​ របស់​ខ្លួន​នៅ​លើ​ទឹកដី​ដ៏​អច្ឆរិយៈ​កម្ពុជា​អង្គរ​ ដោយ​រក​បាន​ស្រីស្អាត​ចំនួន​៥​រូប​ជា​ម្ចាស់​តំណែង​កំពូ​ល​ទាំង​៥ ឬ Top5 ​នៃ​កម្មវិធី​។ ​

ក្នុងកម្មវិធី​សន្និសីទ​សារព័ត៌មាន​​គណៈកម្មការ​ Miss Global 2024 និង Top5 ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និង មុនគោរពលាពីកម្ពុជា  អ្នក​សារព័ត៌មាន​តំណាង​ឱ្យ​ស្ថាប័ន​ត្រយង​បាន​សួរ​ទៅ​កាន់​បវរកញ្ញា​ទាំង​៥​រូប​ ថា​ក្រោយ​បាន​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ ពេល​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ កញ្ញា​នឹង​ណែនាំ​ ឬ​និយាយ​អ្វី​ខ្លះ​ពី​កម្ពុជា​ប្រាប់​ទៅ​ប្រជាជន​របស់​ប្រទេស​កញ្ញា​​?

ក្នុង​នោះ​បវរកញ្ញា​ថៃ​ កញ្ញា Karn Chonnikarn (កាន ឈុននិកាន) ដែល​ជា​ប្រទេ​សជាប់​ភូមិផង​របង​ជាមួយ​កម្ពុជា ហើយរមែង​តែង​តែ​មាន​បញ្ហា​ចម្រូងចម្រាស​គ្នា​ជា​រឿយ​ៗ​ លើរឿង​​ប្រពៃណីនិង​វប្បធម៌ បាន​ថ្លែង​ពីគោល​បំណង​របស់​ខ្លួន​ថា​ កញ្ញា ចង់​ឃើញ​ប្រជាជន​ទាំង​ពីរ​ប្រទេស​ ថៃ និង​កម្ពុជា ឈប់​ឈ្លោះប្រកែក​​គ្នា​ ថា​អ្នក​ណា​ជា​ម្ចាស់​វប្បធម៌​ តែ​ត្រលប់​មក​ពួត​ដៃ​គ្នា​ផ្សព្វផ្សាយ​រួម​គ្នា​ពី​វិស័យ​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​​បរទេសឱ្យ​មក​ទស្សនា​នៅ​ប្រទេស​ទាំង​ពីរ​វិញ​។

សូមជម្រាប​ជូន​ថា​ កម្មវិធី​ប្រកួតសម្រស់​ Miss Global International 2023 បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​កាល​ពី​រាត្រី​ ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ​​បវរកញ្ញា​ថៃ​ កញ្ញា​ កាន ឈុននិកាន ទទួល​បាន​តំណែង​លំដាប់​រង​ទី​២ រី​ឯ​បវរកញ្ញា​នៃ​ប្រទេស​ ព័រតូរីកូ គឺជា​ម្ចាស់​ជ័យ​លាភី​ ម្ចាស់​មកុដ Miss Global International ប្រចាំ​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ ​គំរប់​ខួប ​លើក​ទី​១០ នៃ​​ការ​បង្កើត​កម្មវិធី​មួយ​នេះ​ឡើង​៕

Share.