ភ្នំពេញ៖ ប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន០៤ រួមមានប្រទេស ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ា អេត្យូពី និងសូម៉ាលី បានស្នើសុំអង្គភាពCMAC របស់កម្ពុជា តាមរយៈអង្គការ JICA មកជួយចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពក្នុងប្រទេសរបស់ពួកគេនាពេលខាងមុខ ពីបច្ចេកទេសបោសសម្អាតមីន ខណៈប្រទេសទាំងបួនបានមើលឃើញភាពជោគជ័យឈានមុខរបស់កម្ពុជាក្នុងសកម្មភាពកម្ចាត់មីនបានយ៉ាងល្អប្រសើរ។

ពិធីបើកសិក្ខាសាលាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” ។

ការស្នើសុំពីសំណាក់ប្រទេសទាំងបួនខាងលើ កើតឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” ដែលរៀបចំឡើងដោយអង្គភាព CMAC សហការជាមួយJICAនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គភាព ស៊ីម៉ាក់ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

ទំព័រហ្វេសប៊ុករបស់អង្គភាពស៊ីម៉ាក់បញ្ជាក់ថា ប្រទេសទាំងបួនខាងលើបច្ចុប្បន្នពុំទាន់មានអង្គភាព ឬស្ថាប័នប្រតិ បត្តិករជាតិបោសសម្អាតមីននៅឡើយទេ ដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិ ដើម្បីអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតមីនក្នុងប្រទេសរបស់ខ្លួន។ ហើយជាការកត់សម្គាល់នោះ ប្រទេសទាំងបួនបាននិងកំពុងទទួលរងនូវករណីបាញ់ប្រហារ និងសង្គ្រាមយ៉ាងរុំាំរ៉ៃជាច្រើនឆ្នាំ ហើយបញ្ហាភាពអត់ឃ្លាន គ្រោះទុរភិក្ស ពិសេសបញ្ហាកាកសំណល់សង្គ្រាមបានបង្កជាបញ្ហាដ៏ស្មុគស្មាញក្នុងប្រទេស។

​ដោយឡែកកម្ពុជា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់បទពិសោធន៍សង្គ្រាម និងបទពិសោធន៍បោសសំអាតមីនជាច្រើនឆ្នាំនោះ ត្រូវអង្គការសហប្រជាជាតិផ្តល់អតិ្ថភាពបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅកាន់បណ្តាប្រទេសជាច្រើននៅអាហ្វ្រិច ដើម្បីធ្វើការរំដោះបោសសំអាតមីន ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងក្នុងនាមជាគ្រូពេទ្យជាដើម។

តាមរយៈពិសោធន៍របស់កម្ពុជាលើសកម្មភាពបោសសំអាតមីនជាច្រើនឆ្នាំមកនេះ ប្រទេសទាំងបួនមានសុទិដ្ឋិ និយមនិងជឿជាក់ថា កម្ពុជានឹងអាចផ្តល់ការចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺន ដល់ប្រទេសពួកគេ និងផ្តល់នូវដំណើរទស្សនកិច្ចនៅកម្ពុជាពីវិស័យបោសសម្អាតមីននៅកម្ពុជា ដោយរំពឹងថានឹងទទួលបានបទពិសោធន៍អាច យកទៅអនុវត្តកំណែទម្រង់ស្ថាប័នជាតិរបស់ពួកគេបាន។

សូមជម្រាបជូនថា គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារីចំនួន ៦៨១នាក់ បានចេញបំពេញ បេសកកម្ម ចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលាន យន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។

ហើយបច្ចុប្បន្ននេះ កម្លាំងកម្ពុជា ចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕

Share.