ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងប្រកាសនូវវត្តមានឡើងវិញនៃកាសែតកម្ពុជា ដែលមានអាយុ ៤៥ឆ្នាំ ក្នុ​​ងនាមជាសារព័ត៌មានជាតិ ពាំនាំនូវសំឡេងរបស់ជាតិនិងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងកម្ពុជានិងលើពិភពលោក។ នេះបើតាមខ្លឹមសារដែលអ្នកនាំពាក្យក្រសួងព័ត៌មានផ្តល់ជូនដល់សារព័ត៌មានត្រយងតាមតេឡេក្រាមនៅថ្ងៃទី២៣ ខែមក​រា ឆ្នាំ២០២៤នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញកាសែតកម្ពុជា។

សម្រាប់ក្រសួងព័ត៌មាន ការចាប់ផ្តើមវត្តមាននៃកាសែតកម្ពុជានេះ ជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មាន សំដៅថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិដែលថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗបានបន្សល់ទុកឲ្យ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន កាសែតកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ១៩៧៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាងបួនទសវត្សហើយ ដែលនេះជាមោទកភាពសម្រាប់ជាតិកម្ពុជា ព្រោះកាសែតជាតិនេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀត មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេស។

ទម្រង់ការសែតកម្ពុជាដែលគ្រោងមានវត្តមាននាពេលខាងមុខ។

សម្រាប់ក្រសួងព័ត៌មានការចាប់ពីនេះ ក្រុមការងារផលិតនៃកាសែតកម្ពុជា នឹងផ្តោតការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិច ជាពីរភាសាគឺ៖ ភាសាខ្មែរ និងភាសាអង់គ្លេស ហើយនឹងឈានទៅចេញផ្សាយជាភាសាបារាំងបន្ថែមទៀតនាពេលអនាគត៕

Share.