ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលផែន សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះថា មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករអ្នកលក់ដូរតាមឆ្នេរមួយចំនួន បន្ទាប់ពីពួកគេបានបង្កបាតុភាពអាណាធិបតេយ្យកាងដីឆ្នេរមាត់សមុទ្រសម្រាប់ជាទីតាំងលក់ដូររបស់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា។

ការឃាត់ខ្លួនបញ្ជូនទៅអប់រំនេះ ដ្បិតឆ្នេរសមុទ្រពុំមែនជាកម្មសិទ្ធិរបស់បុគ្គលឯកជនណាម្នាក់ឡើយ ពោលគឺសម្រាប់ទុកឱ្យភ្ញៀវទេសចរណ៍អាចអង្គុយលេងកំសាន្តដោយឥតគិតថ្លៃតាមចិត្តចង់របស់ពួកគេដោយចូលរួមថែរក្សាអនាម័យ។

ជាក់ស្តែង លើទំព័រហ្វេសប៊ុកមានគណនីឈ្មោះថា ប្រជាជនខេត្តព្រះសីហនុ បានបង្ហោះពីរូបភាពមួយចំនួននៃសកម្មភាពរបស់ក្រុមអ្នកលក់តាមមាត់ឆ្នេរដែលបានកាងដណ្តើមទីតាំងគ្នាលក់ដូរ ធ្វើដូចជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអាណាធិបតេយ្យ។ បន្ទាប់មកគឺនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ផេកមួយនេះក៏បានបង្ហោះពីសកម្មភាពដែលសមត្ថកិច្ច និងកម្លាំងរដ្ឋបាលក្រុងព្រះសីហនុបានឃាត់ខ្លួនក្រុមអ្នកលក់តាមឆ្នេរមួយចំនួននាំទៅអប់រំផងដែរ។

សកម្មភាពសមត្ថកិច្ចអាជ្ញាធរចុះណែនាំក្រុមអ្នកលក់ដូរតាមមាត់ឆ្នេរដែលបង្កបាតុភាពកាងដីឆ្នេរលក់ដូរយ៉ាងអាណាធិបធិតេយ្យ។រូបភាពពីហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ។

សូមរំលឹកថា អាជ្ញាធរខេត្តព្រះសីហនុកាលពីពេលកន្លងទៅ ធ្លាប់បានអន្តរាគមន៍ចុះណែនាំនិងរុះរើតូបរបស់ក្រុមអាជីវករដែលបានចាប់យកដីឆ្នេរសមុទ្រសង់តូបធ្វើអាជីកម្មរកស៊ីផ្ទាល់ខ្លួន។ អាជ្ញាធរអនុញ្ញាតឱ្យក្រុមអាជីវករអាចលក់ដូរចល័តតាមមាត់ឆ្នេរបាន តែមិនអាចដាក់ទុកកៅអី កាងដីឆ្នេរជាកម្មសិទ្ធិផ្ទាល់ខ្លួន​នោះទេ ព្រោះជាទីសាធារណៈសម្រាប់ភ្ញៀវទេសចរគ្រប់រូបប្រើប្រាស់ដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកខាងលើ៕

Share.