ភ្នំពេញ៖ នៅទីបំផុតស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើបុរសដែលបើកបុកមនុស្សបណ្តាលឱ្យស្លាប់និងរងរបួសក្រោមស្ពានអាកាសឬស្សីកែវហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤។

ជនសង្ស័យ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្ស ច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ បទនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

តាមសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ។ ជនសង្ស័យខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច (ចុះពីលើស្ពាន) ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០៥៤mg/l និងទៅបុកពីក្រោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9275 អូសរុញទៅផ្ទប់បុកនឹងរថយន្ត ម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3779 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រួចរុញទៅបុកនឹងរថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4208 និងបន្តបុករះម៉ូតូម៉ាក HONDA BEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KG-7548 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 និងម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471។

ហេតុការណ៍ ខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី០៣នាក់)៕

Share.