សិល្បៈជាតិ៖ លោក ចេង រតនា គឺជា​អតីត​និស្សិត​ច្បាប់ បាន​ក្លាយជា​យុវជន​ឆ្នើម​ដំបូង​គេ ដែល​បើក​ទំព័រ​ជា​ម្ចាស់​ជ័យលាភី​ប្រឡង​សរសេរ​តាម​អាន «សំណេរ​អង្គរ» ជា​ប្រវត្តិសាស្ត្រ ដោយ​យុវជន​រូបនេះ គឺជា​បេក្ខជន​សរសេរ​ពាក្យ​ត្រូវ​ច្រើនជាងគេ​ដែល​សរសេរ​ខុស​តែ២ពាក្យ​ប៉ុណ្ណោះ នៃ​សំណេរ​ប្រឡង​តាម​អាន​ថ្នាក់ជាតិ មាន​អ្នកចូលរួម​ជាង ៧០០នាក់ នៅ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត។

យ៉ាងណាមិញ ការប្រឡង​សរសេរ​តាម​អាន «សំណេរ​អង្គរ» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​ជា​អធិបតីភាព និង​អាន​អត្ថបទ​ប្រឡង​ទៅកាន់​បេក្ខជន​ក្នុង​រយៈពេល​មួយ​ម៉ោង ដែល​អត្ថបទ​ទាក់ទង​នឹង​រមណីយដ្ឋាន​អង្គរ ជាការ​រៀបចំ​សម្រិតសម្រាំង​ទុក​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ចំណងជើង​ថា «អង្គរ អាណាចក្រ​នៃ​អរិយធម៌​ខ្មែរ»។

គួរ​រំលឹក​ដែរ​ថា លោក ចេង រតនា បានបញ្ចប់​ការសិក្សា​ផ្នែក​នីតិសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រយៈពេល ៤ ឆ្នាំ និង​បាន​បន្តទៅ​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​បន្ថែមទៀត។ លោក​គឺជា​យុវជន​ម្នាក់​ដែល​តែងតែ​ចូលរួម​សកម្មភាព​លើកស្ទួយ​វប្បធម៌​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ និង​ជាពិសេស​ទៅលើ​ការចូលរួម​អភិរក្ស និង​លើក​តម្លៃ​ការសរសេរ​សំណេរ​អក្សរសាស្ត្រ​ខ្មែរ​នៅលើ​បណ្ដាញ​សង្គម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។

សូមជម្រាបថា កម្មវិធី​សំណេរ​អង្គរ ជា​កម្មវិធី​ថ្មី​ដែល​បង្កើតឡើង​ក្នុង​បំណង​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ តាមរយៈ​ការប្រឡងប្រជែង​សរសេរ​តាម​អាន។ កម្មវិធី​នេះ​ក៏​អាច​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ជាប្រចាំ​ឆ្នាំ​ផងដែរ​នាពេល​អនាគត៕

Share.