ភ្នំពេញ៖ «អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង!»។នេះជាសំណេររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបង្ហោះលើទំព័រគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តម ស សុខា សរសេរបន្តថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រោះមូលហេតុបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ជាងនេះទៀតការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។នេះជាបន្ថែមរបស់ឯកឧត្តម ស សុខា។

បន្ថែមពីនេះ  ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបន្តលើកឡើងពីផ្លូវច្បាប់ផងដែរ ដោយបញ្ជាក់នូវតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ដែលចែងថា បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ ឡើងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់​ជាដើម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២ ​ទៅ ​៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់​ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។

ភ្ជាប់ជាមួយរឿងនេះ ឯកឧត្តម ស សុខា ក៏បានរំលឹកប្រសាសន៍របស់សម្ដេចធិបតី​នាយកដ្ឋមន្ត្រី​នៃកម្ពុជា​ ដែលបានណែនាំដោយផ្ទាល់យ៉ាងច្បាស់​និងប្រកបដោយភាពម៉ឺងម៉ាត់ថា​ ឱ្យឃាត់ខ្លួន​និងវាយខ្នោះជាបន្ទាន់​រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ ឬស្លាប់។​ ប្រសាសន៍របស់នាយករដ្ឋមន្រ្តី ខណៈដែលក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ ឬស្លាប់ ផងដែរ។នេះបើតាមសំណេររបស់ឯកឧត្តម ស សុខា។

តាមការកត់សម្គាល់របស់ឯកឧត្តម ស សុខា ​ឯកឧត្តមសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះបន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ចុងក្រោយនៃសំណេររបស់ឯកឧត្តម ស សុខា ​លោកដាក់ការសង្ឃឹមនិងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារថា សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស! សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស!។

ជាការកត់សម្គាល់ ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ៕

Share.