ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានឯកឧត្តម ទេព អស្នារិទ្ធ ប្រាប់សារព័ត៌មានត្រយងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ថា ក្រសួងទទួលយកនូវអនុសាសន៍របស់សម្តេចធិបតីសម្រាប់ការអនុវត្តក្នុងក្របខណ្ឌទិសដៅការងារជាបន្តបន្ទាប់ចំនួន ៤ ចំណុចក្នុងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន​ដើម្បីវឌ្ឍនភាពនៃវិស័យព័ត៌មាន នាពេលអនាគត។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

ទិសដៅការងារទាំង​ ៤ ចំណុចនោះរួមមាន៖ទី១.បន្តលើកកម្ពស់ការគោរពស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈឲ្យស្របទៅតាមការវិវត្តរីកចម្រើននៃសង្គមជាតិ។ ទី២.បញ្ជៀបការយល់ដឹងបន្ថែមដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ អំពីសារៈសំខាន់នៃការប្រតិបត្តិត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូ និងតម្លៃរបស់ អ្នកសារព័ត៌មាននៅក្នុងសង្គមជាតិ ក៏ដូចជាសម្រាប់ជារូបភាពវិជ្ជមានក្នុងតំបន់។ ទី៣.បន្តលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ក្នុងនោះមានជំនាញសរសេរ ថតរូបភាពសារព័ត៌មាន ផលិត រាយការណ៍ ផ្សព្វផ្សាយព័ត៌មាន និងជំនាញផ្សេងៗទៀត​។ និងទី៤. ក្រសួងនឹងរៀបចំឲ្យមានធម្មនុញ្ញសារព័ត៌មាន ឱ្យក្លាយជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិមួយសម្រាប់គ្រប់ភាគីទាំងអស់គោរពនិងអនុវត្តតាមក្នុងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ។

ក្រុមអ្នកសារព័ត៌មានដែលបានមកយកព័ត៌មាននៅក្រសួងយុត្តិធម៌។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាការប្រ ព្រឹត្តិអំពើពុំគប្បីរបស់អ្នកសារព័ត៌មានមួយចំនួនក្នុងការបំពេញអាជីពការងាររបស់ពួកគេ។ សម្តេចលើកឡើងថា មានអ្នកសារព័ត៌ខ្លះបានធ្វើសេចក្តីរាយការណ៍ផ្ទាល់(Live)ដោយមិនបានបិទបាំង ឬព្រាលមុខប្រភពក្នុងហេតុ ការណ៍មួយចំនួនដែលប្រភពមិនចង់ឱ្យផ្សាយ ឬរឿងពុំគួរផ្សាយដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានឈាម ឬទិដ្ឋភាពរន្ធត់ៗ ឬទិដ្ឋភាពទ្រហោយំរបស់សាច់ញាតិជនរងគ្រោះជាដើមដែលសុទ្ធសឹងជារូបភាពពុំគប្បីផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត ដែលបានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣និងលើកទិសដៅការ ងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន  កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចក៏ជំរុញដល់ស្ថាប័នសារព័ត៌ មាន និងអ្នកសារព័ត៌មាន ត្រូវរួមគ្នាថែរក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្នុងន័យរួមគ្នាទប់ស្កាត់អ្នកព័ត៌មានមួយចំនួនតូចកុំឱ្យប្រព្រឹត្តិអំពើពុំគប្បី។ ក្នុងនោះការចេញច្បាប់ពាក់ព័ន្ធសារព័ត៌មាននិងការរៀបចំក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន គឺជាផ្នែកមួយដើម្បីរក្សាតម្លៃនៃវិជ្ជាជីវ: ដើម្បីការពារអ្នកសារព័ត៌មានដែរគោរពវិជ្ជាជីវ: ប្រកបដោយសេចក្តីថ្លៃថ្នូរ។

តាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងពិធីនោះឱ្យដឹងថា កម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ និងមានស្ថាប័នព័ត៌មានចុះបញ្ជីជាង ២​ ពាន់អង្គភាព។ តែក្នុងនោះមានអ្នកស្នើសុំបណ្ណ សម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន មានចំនួនប្រមាណតែ ៤ពាន់នាក់ប៉ុណ្ណោះ៕

Share.