សមាជិករបស់ក្លិបបាល់ទះវិសាខា គឺកីឡាករ សួន ចាន់ណារ៉ូ បានបង្ហាញអារម្មណ៍លើគណនី Facebook ពីក្តីព្រួយបារម្ភមុនពេលប៉ះអង្គរក្ស នៅចុងសប្តាហ៍នេះ។

«មិនដឹងម៉េចម៉ាទេខ្ញុំ» អ្នកលើកបាល់ដ៏មានប្រជាប្រិយភាព រូបនេះបានសរសេរលើគណនី Facebook ក្នុងប្រព័ន្ធសាច់រឿង (Story) របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ពោលគឺមុន​ប៉ះក្រុម​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស ៣ថ្ងៃ។

សូមរំលឹកដែរថា កាលពីពេលកន្លងទៅ សួន ចាន់ណារ៉ូ ក៏ធ្លាប់ឆ្លើយតបប្រាប់អ្នកគាំទ្រថាក្លិបបាល់ទះវិសាខា ថា ទៅអត់រួចជាមួយ (សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស) ទេ។

ស្របពេលដែលកីឡាករ គួន ម៉ុម បានថ្លែងប្រាប់សារព័ត៌មានត្រយងថាឆ្នាំនេះវិសាខា សង្ឃឹម៧០% មូលហេតុគឺដោយសារក្រុមខ្លួនបាត់ស្មាត់ធំម្នាក់គឺកីឡាករ វឿន វាសនា ស្របពេល Libero ខឹម សុវណ្ណដារ៉ា មានបញ្ហារបួស ACL ខណៈក្រុមដែលពិបាកខ្លាំងឆ្នាំនេះគឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបញ្ជាការដ្ឋានអង្គរក្ស ដោយសារពួកគេនាំចូលកីឡាករបរទេសល្អៗ។

ដូចដែលប្រិយមិត្តបានជ្រាបហើយថា សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ មាននាំចូលកីឡាករបទេសជនជាតិវៀតណាមចំនួន ៣នាក់៖

  • កីឡាករលេខ១៩ ថាម ថោវ ឃុង សញ្ជាតិវៀតណាម
  • កីឡាករលេខ២១ ឈើ ខ្វូច វូវីត សញ្ជាតិវៀតណាម
  • កីឡាករលេខ២០ ត្រាន ឌូច ហាញ់ សញ្ជាតិវៀតណាម

ណៈក្លិបបញ្ជាការដ្ឋានអង្គរក្ស បាននាំចូលកីឡាករបរទេស ជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់រួមមាន៖

  • កីឡាករលេខ៧ Doni Haryono សញ្ជាតិឥណ្ឌូណេស៊ី
  • កីឡាករលេខ១៥ Dio Zulfikri សញ្ជាតិឥណ្ឌូណេស៊ី
  • កីឡាករលេខ៤ I Gede Wira Yudha សញ្ជាតិឥណ្ឌូណេស៊ី
  • កីឡាករលេខ២១ Luvi Febrian Nugraha សញ្ជាតិឥណ្ឌូណេស៊ី។

ទោះជាយ៉ាងណាក្តី បើគិតត្រឹមការប្រកួតទាំង៥ប្រកួតពេញរបស់ក្រុមវិសាខា គឺមិនទាន់ស្គាល់​ពាក្យ​ថា ចាញ់១សិតណាឡើយ ពោលគឺ៥ប្រកួតរបស់វិសាខា គឺបានយកឈ្នះ ក្រុមទាំង៥ផ្សេងទៀត ក្នុង​លទ្ធ​ផល ៣ទល់នឹង០ តែម្កង កំពុងឈរនៅកំពូលតារាងមាន១៥ពិន្ទុ។

ខណៈក្រុមបញ្ជាការដ្ឋានអង្គរក្ស ៥ប្រកួតមកនេះ ទោះជាឈ្នះទាំង៥ក៏ពិតមែន តែក្រុមដែលមានសមាជិកកីឡាករឥណ្ឌូណេស៊ី យកឈ្នះលើដៃគូ ដោយលទ្ធផល ៣ទល់នឹង០ បានតែមួយប្រកួតទេ ក្រៅពីនោះយកឈ្នះដោយលទ្ធផល ៣ទល់នឹង១ ចំនួន២ប្រកួត និង ៣ទល់នឹង២ ចំនួន២ប្រកួត។

កម្មវិធីប្រកួតថ្ងៃទី២៦,២៧ ខែមករា ឆ្នាំ២០២៤

ព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២០២៤ មាន៨ក្រុមចូលរួម ចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង៕

Share.