ភ្នំពេញ៖យ៉ាងហោចណាស់ផ្ទៃដីស្រូវប្រាំងចំនួន ១៧៥ ហិកតារបស់ប្រជាកសិករស្ថិតនៅភូមិមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាមដែលកំពុងជួបបញ្ហាខ្វះទឹកចំនួន ត្រូវបានក្រុមការងារមន្រ្តីក្រសួងធនធានទឹក សហការជាមួយមន្រ្តី អាជ្ញាធរមូលដ្ឋានបានបូមទឹកជួយសង្រ្គោះទាន់ពេលវេលា។ នេះបើតាមព័ត៌មានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។

សកម្មភាពចុះពិនិត្យនិងជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងខេត្តកំពង់ចាម។

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ សម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ចាមបន្តតាមដាននិងត្រៀមនូវម៉ាស៊ីន គ្រឿងចក្រ ឧបករណ៍ និងសម្ភារៈ សម្រាប់កិច្ចអន្តរាគមន៍ស្រូវរដូវប្រាំងជូនដល់ប្រជាកសិករ នៅទូទាំងខេត្តកំពង់ចាម។

សកម្មភាពចុះពិនិត្យនិងជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងខេត្តកំពង់ចាម។

បើតាមក្រសួងធនធានទឹក ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅប្រព័ន្ធធារាសាស្រ្តសំខាន់ៗក្នុងខេត្តកំពង់ចាម មានទំនប់ប្រកើន ស្ថិតនៅឃុំមេព្រីង ស្រុកបាធាយ ដែលមានផ្ទៃដីស្រូវប្រាំងចំនួន ១ ២៧០ហិកតា និង ទំនប់ អាងស្តុកទឹកថ្មដា ស្ថិតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ដែលមានផ្ទៃដីស្រូវប្រាំងចំនួន ១ ៥៥០ហិកតា។

សកម្មភាពចុះពិនិត្យនិងជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងខេត្តកំពង់ចាម។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះនៅតាមបណ្តាខេត្តមួយចំនួនដែលប្រជាកសិករបានបង្កបង្កើនផលស្រែប្រាំងបានប្រឈមបញ្ហាខ្វះខាតទឹកស្រោចស្រព ខណៈប្រភពទឹកមួយចំនួនគ្មានទឹកគ្រប់គ្រាន់។ ចំពោះមុខបញ្ហានេះ មន្រ្តីពាក់ព័ន្ធនិងអាជ្ញាធរខេត្តបានប្រកាសឱ្យប្រជាកសិករត្រូវផ្អាកការធ្វើស្រែប្រាំងលើកទី២ ដ្បិតអាចប្រឈមបញ្ហាខូចខាតនិងខាតបង់ប្រាក់ដោយសារពុំមានទឹកសម្រាប់ផ្គត់ផ្គង់ក្នុងស្រែ។ ជាងនេះនៅតាមតំបន់ខ្លះ មន្រ្តីក្រសួង-មន្ទីរធនធានទឹកនិងអាជ្ញាធរមូលដ្ឋាន បានចុះជួយសង្គ្រោះស្រូវប្រាំងរបស់កសិករលើកទី១ ដែលជិតប្រមូលផល តាមរយៈដាក់ម៉ាស៊ីនបូមទឹកពីប្រភពទឹកដែលមានមកដាក់បញ្ចូលស្រែជូនកសិករ៕

Share.