ភ្នំពេញ៖ ជនបង្កហេតុដែលបានបើករថយន្តបុករះបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់នៅក្រោមស្ពានអាកាសឫស្សីកែវ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបញ្ជាឱ្យបញ្ជូនខ្លួនឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីរង់ចាំការស៊ើបអង្កេតបន្ត មុនឈានដល់ការបើកសវនាការជំនុំជម្រះ។ នេះបើតាមសេចក្តីរាយការណ៍ពីមន្រ្តីតុលាការនិងមន្រ្តីពន្ធនាគាររាជ ធានីភ្នំពេញប្រាប់ក្រុមការងារសារព័ត៌មានត្រយងនៅថ្ងៃនេះ។

ជនបង្កហេតុ។

សូមរំលឹកថា ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ​ដោយសម្រេចចោទប្រកាន់ជនបង្កហេតុពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្ស ច្រើននាក់)។ បទចោទនេះ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សេចក្តីថ្លែងការណ៍របស់តុលាការ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ។ ជនបង្កហេតុខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច (ចុះពីលើស្ពាន) ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០៥៤mg/l និងទៅបុកពីក្រោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9275 អូសរុញទៅផ្ទប់បុកនឹងរថយន្ត ម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3779 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រួចរុញទៅបុកនឹងរថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4208 និងបន្តបុករះម៉ូតូម៉ាក HONDA BEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KG-7548 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 និងម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471។ ហេតុការណ៍ ដ៏រន្ធត់នេះបណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី០៣នាក់)។

រូបភាពហេតុការណ៍ក្រោមស្ពានឫស្សីកែវ។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងល្បីលើបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីរំលឹកនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីម្សិលមិញ ដោយចង្អុលបង្ហាញដល់អគ្គស្នងការនរគបាលជាតិ ត្រូវរឹតបន្តឹងការត្រួតពិនិត្យជាតិអាកុល ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កចេញពីការទទួលទានគ្រឿងស្រវឹង។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះផងដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយសរសេរថា «អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង!»។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងនូវមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចែងថា បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ៕

អត្ថបទ៖ចតុមុខ

Share.