ភ្នំពេញ ៖ យុវជន២ក្រុម គ្នា៤នាក់ ចូលផឹកសុីនៅហាងស្រាក្រឡុក តាំងពីយប់រហូតដល់ព្រឹក នៅតែមិនឆ្អែត មិនងើបចេញទៅរកការងារធ្វើ សង្ស័យទំនេរខ្លាំង ស្រឹងរៀងខ្លួន ទីបំផុតកើតជម្លោះ ព្រោះតែដណ្តើមស្រីអ្នកលក់ អ្នកបម្រើ ប្រកាន់ស្រឡាញ់រៀងខ្លួន ឈានដល់ផ្ទុះហឹង្សា កាប់ វាយ គ្នាទៅវិញទៅមក បណ្តាលឱ្យ របួសបែករយះក្បាល ដាច់ម្រាម ឈាមហូរជោគរៀងខ្លួន ផ្អើលពលរដ្ឋ សមត្ថកិច្ច ចុះទៅចាប់ក្របួចបានទាំង៤នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងហាងស្រាក្រឡុក មួយកន្លែង តាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជនចំនួន៤នាក់ ២ក្រុមផ្សេងគ្នា មាន២នាក់ជិះរថយន្តPrius និង២នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ទៅចូលផឹកសុីនៅហាងស្រាក្រឡុក ចំណុចកើតហេតុ តាំងពីយប់អធ្រាត្រមកម្ល៉េះ ផឹករហូតដល់ព្រឹកភ្លឺ ថ្ងៃរះទៅហើយ នៅតែមិនងើប មិនចេញ ទៅរកការងារធ្វើ សង្ស័យពួកគាត់ទំនេរខ្លាំង ម្នាក់ៗស្រវឹងដាបរៀងខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ឥទ្ធិពលនៃស្រា ធ្វើឱ្យពួកគាត់ក្លាហាន ដូចខ្លាចូលខ្លួន ប្រកាន់ ដណ្តើមស្រឡាញ់ស្រី អ្នកលក់ អ្នកបម្រើគ្នា ដឺដង ក្លែមសម្តី រហូតដល់ បង្កហឹង្សា កាប់ វាយ គ្នា របួសសងខាង មានអ្នកបែកក្បាល ដាច់ម្រាមដៃ ឈាមហូរស្រោច ផ្អើលអស់អ្នកជិតខាង សមត្ថកិច្ចចុះទៅចាប់ក្របួចបានទាំង៤នាក់ ក្នុងនោះមានម្នាក់ ខ្លាំងក្លាហានជាងគេ សំឡុត គម្រាម ឡូឡា ដាក់សមត្ថកិច្ចទៀត គ្រាដែលកម្លាំងចុះទៅសួរនាំ ។

ករណីហឹង្សា បង្ករបួសស្នាម ដាក់គ្នា ព្រោះតែឈ្លោះដណ្តើមស្រីគ្នាខាងលើ សមត្ថកិច្ចឃាត់ខ្លួនទាំងសងខាង គ្នា៤នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង និងនាំស្ត្រី៣នាក់ ទៅសាកសួរផងដែរ ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា កន្លែងផឹកសុី ស្រាក្រឡុក ខាងលើ បើកទទួលឱ្យភ្ញៀវ យុវវ័យ មានប្រុស មានស្រី ចូលផឹកសុី ច្រើនលើកច្រើនសារហើយ រំខានដល់អ្នករស់នៅក្បែរខាង បង្កបញ្ហា ជម្លោះគ្នាញឹកញាប់ នាពេលរាត្រី មកដល់លើកនេះ ឈ្លោះវាយ កាប់ ចាក់ របួស ។ ពលរដ្ឋសាទរ ចំពោះចំណាត់ការ របស់អាជ្ញាធរ សមត្ថកិច្ច បានបិទកាន់តែត្រេកអរ កាលបើ បើកលក់បង្កតែបញ្ហាបែបនេះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.