សមាជិករបស់ក្លិបបាល់ទះវិសាខា គឺកីឡាករ គួន ម៉ុម បានបង្ហាញអារម្មណ៍លើគណនី Facebook របស់ខ្លួនមុនពេលប៉ះអង្គរក្ស នៅចុងសប្តាហ៍នេះថា«ជារបស់ពិត»។

«ជួប​របស់​ពិត​ហើយ​ខ្ញុំ» អ្នកវាយបាល់ស្លាបឆ្លេងដ៏មានប្រជាប្រិយភាព រូបនេះបានសរសេរលើគណនី Facebook របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ពោលគឺមុន​ប៉ះក្រុម​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស ២ថ្ងៃ។

កន្លងទៅ ក្រោយចប់ការប្រកួតមិត្តភាពជាមួយក្រុម Sanest Khánh Hòa  របស់វៀតណាម កីឡាករដែលមានស្រុកកំណើតនៅខេត្តតាកែវ រូបនេះ បានថ្លែងប្រាប់សារព័ត៌មានត្រយងថាឆ្នាំនេះវិសាខា សង្ឃឹម៧០% មូលហេតុគឺដោយសារក្រុមខ្លួនបាត់ស្មាត់ធំម្នាក់គឺកីឡាករ វឿន វាសនា ស្របពេល Libero ខឹម សុវណ្ណដារ៉ា មានបញ្ហារបួស ACL ខណៈក្រុមដែលពិបាកខ្លាំងឆ្នាំនេះគឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបញ្ជាការដ្ឋានអង្គរក្ស ដោយសារពួកគេនាំចូលកីឡាករបរទេសល្អៗ។

ស្របពេលដែរសួន ចាន់ណារ៉ូ ក៏ធ្លាប់ឆ្លើយតបប្រាប់អ្នកគាំទ្រថាក្លិបបាល់ទះវិសាខា ថា ទៅអត់រួចជាមួយ (សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស) ទេ។

ទោះជាយ៉ាងណាក្តី បើគិតត្រឹមការប្រកួតទាំង៥ប្រកួតពេញរបស់ក្រុមវិសាខា គឺមិនទាន់ស្គាល់​ពាក្យ​ថា ចាញ់១សិតណាឡើយ ពោលគឺ៥ប្រកួតរបស់វិសាខា គឺបានយកឈ្នះ ក្រុមទាំង៥ផ្សេងទៀត ក្នុង​លទ្ធ​ផល ៣ទល់នឹង០ តែម្កង កំពុងឈរនៅកំពូលតារាងមាន១៥ពិន្ទុ។

ខណៈក្រុមបញ្ជាការដ្ឋានអង្គរក្ស ៥ប្រកួតមកនេះ ទោះជាឈ្នះទាំង៥ក៏ពិតមែន តែក្រុមដែលមានសមាជិកកីឡាករឥណ្ឌូណេស៊ី យកឈ្នះលើដៃគូ ដោយលទ្ធផល ៣ទល់នឹង០ បានតែមួយប្រកួតទេ ក្រៅពីនោះយកឈ្នះដោយលទ្ធផល ៣ទល់នឹង១ ចំនួន២ប្រកួត និង ៣ទល់នឹង២ ចំនួន២ប្រកួត។

សម្រាប់កម្មវិធីនៃការប្រកួតនៅចុងសប្តាហ៍នេះ គឺនៅថ្ងៃទី២៦,២៧ ខែមករា ឆ្នាំ២០២៤៖

ព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២០២៤ មាន៨ក្រុមចូលរួម ចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង៕

Share.