សិល្បៈជាតិ៖ ករណី​ស្រី​ស្អាត Influencer ល្បីឈ្មោះ ម៉ន សូលី​ដែ​ត ត្រូវបាន​លោក ហុក ពៅ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤  បានប្រកាស​សាលក្រម​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់២ ឆ្នាំ និង​តម្រូវឱ្យ​សង​ប្រាក់​ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន ២៨៩១៧៩ ដុល្លារ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការកាត់ក្តី​នេះ ។

ដោយឡែក​កាលពី​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង ឆបោក (រំលោភ​លើ​ទំនុកចិត្ត) មួយ​ករណី មក​បើកសវនាការ​ជា​សាធារណៈ ជនជាប់ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ភេទ​ស្រី អាយុ៣០ ឆ្នាំ មុខរបរ Influencer និងជាអ្នកលក់អនឡាញន៍ល្បីឈ្មោះមួយរូប និង​ដើម​បណ្តឹងរដ្ឋប្បវេណី​មានឈ្មោះ វ៉ា សូលី​ដា ភេទ​ស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (ដើមបណ្តឹង និង​ជនជាប់ចោទ​ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ) ។ 

ទាក់ទិន​និង​អង្គហេតុ​ក្នុ​សំណុំរឿង.រំលោភ​ទំនុកចិត្ត ដែល​តុលាការ​បាន​លើក​យកមក​បើកសវនាការ​ពេលនេះ ត្រូវបាន​គេ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ា សុ​លីដា និង​ជន​ជាប់ ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​តាំងពី​ឆ្នាំ២០២០ បន្ទាប់ពី​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​រៀបការ​ជាមួយ​ប្អូនប្រុស​ដើមបណ្តឹង​មក ពួកគេ​បាន​ស្នាក់​នៅផ្ទះ​លេខ២៤បេ ផ្លូវ​លេខ៩៩ ភូមិ​ឬ​ស្សី១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុងអំឡុងពេល​ស្នាក់នៅ​ជាមួយគ្នា ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​និយាយ​ពី​រឿង​អ​បិ​យ​ជំនឿ​បាប់​បងថ្លៃ​ថា គាត់(ដើមបណ្តឹង)ជា​មនុស្ស​អភ័ព្វ​គូរ និង​រកស៊ី​មិន​សមប្រកប ហើយ​បើ​ចង់​កែប្រែ​វាសនា គេ (ជនជាប់ចោទ) បាន​ស្គាល់​លោកសង្ឃ​មួយអង្គ នៅ​ខេត្តតាកែវ ។

ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​និយាយ​ប្រើល្បិច​អូសទាញ​ជនរងគ្រោះ​ឱ្យ​ជឿជាក់​លើ​ខ្លួន ដោយ​ប្រៀបធៀប​ទៅលើ​បុគ្គល​ដែល​រកស៊ី​ដោយ​ជោគជ័យ​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ គឺ​ពួកគាត់​សុទ្ធតែ​បាន​ទៅរក​លោកសង្ឃ​អង្គ​នោះ ឱ្យជួយ​ធ្វើ​មន្ត​អាគ​ម្ភ​អូមអាម ទើប​រកស៊ី​មានបាន​រហូតដល់​សព្វ​ថ្ងៃ ។ ដោយមាន​ការជឿ​លើ​អ​បិ​យ​ជំនឿ និង​ទុកចិត្ត​ទាំងស្រុង​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ជា​ប្អូនថ្លៃ ជនរងគ្រោះ​បាន​យល់ព្រម​ឲ្យ​ជួយ​ទាក់ទង​ទៅ​លោកសង្ឃ​នោះ ដើម្បី​ឲ្យ​ជួយ​ធ្វើ​កិច្ច​កែប្រែ​វាសនា​ឱ្យ​គាត់ ដើម្បី​ឱ្យរកស៊ី​កាត់​តែ​លូតលាស់​មានបាន​ទៅមុខទៀត ។ ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ទៀតថា រាល់​ការទាក់ទង​ទៅជា​មួយ​លោកសង្ឃ គឺ​រូបគេ​ជា​អ្នក​ទាក់ទង​ផ្ទាល់ ដោយ​ហាម​មិន​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទេ ពោលគឺ​ការងារ​ចាត់ចែងអ្វីៗ  ឈ្មោះ ម៉ន សូលី​ដែ​ត អនុវត្ត​ផ្ទាល់​ទាំងអស់ ។

បន្ទាប់មកទៀត ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ឲ្យ​វេ​លុយ​ផ្តល់​តាម​អា​ខោ​ន ABA ឈ្មោះ MORN SOLIDETH ជា​បន្តបន្ទាប់​សរុប​ទឹកប្រាក់ ២០៧.៥៧៩ ដុល្លារ​អាមេរិក ដើម្បី​យកទៅ​តម្កល់​កំណល់”ជើងព្រះ” មាស ចំនួន​ពីរ​ដុំ​ទម្ងន់២០ ដំឡឹង ស្មើ​ទឹកប្រាក់​ចំនួន ៤៧.០០០ ដុល្លារ​អាមេរិក សម្រាប់​តម្កល់​នៅក្នុង​បន្ទប់​សមាធិ និង​តម្កល់​លុយ​សុទ្ធ​នៅក្រោម​ខ្នើយ​របស់ខ្លួន(ម៉ន សូលី​ដែ​ត)សម្រាប់​ចម្លង​ដៃ(ចម្លង​កិច្ច​អ​បិ​យ​ជំនឿ)លើទឹក​ប្រាក់​ចំនួន ៣៤.៦០០ ដុល្លារ​អាមេរិក ។

តាម​ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា ក្រោយមកទៀត​ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​ល្បួង​លួង លោម​ជនរងគ្រោះ​ឱ្យ​ផ្តល់​លុយ​បន្ថែម ប៉ុន្តែ​ជនរងគ្រោះ​មានការ​សង្ស័យ និង​អស់ជំនឿ​ព្រោះ​នៅពេល​ដាក់​លុយ​ឲ្យម្តងៗ មិនដែល​ឃើញ​បាន​ផលប្រយោជន៍​មកវិញ​ទេ ហើយ​ជនរងគ្រោះ​ក៏បាន​ឈប់​បន្តធ្វើ​កិច្ច​តទៅទៀត ទើប​នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះ​បាន​សុំ​ដក​លុយ និង​មាស​យកមក​វិញ ពេលនោះ​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ទៅ​កាយ​យក​មាស​ដែល​កប់​ក្នុង​បន្ទប់​សមាធិ​ន ស្រាប់តែ​ឃើញ​សុទ្ធតែ​មាស​ក្លែងក្លាយ​យកមក​ប្រគល់​ឲ្យ​ជនរងគ្រោះ ឃើញ​ដូច្នោះ​ជនរងគ្រោះ​បាន​ឆោឡោ ទើប​ឈ្មោះ ម៉ន សូលី​ដែ​ត និយាយថា​រូបគេ​ជា​អ្នកទទួលខុសត្រូវ ។

លុះ​ព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួ​អន្តរាគមន៍​ឆែកឆេរ​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ស្រាប់តែ​ឃើញ​លុយ​ដុល្លារ និង​មាស​ក្លែងក្លាយ​ទាំងអស់ ទើប​សម​ត្ត​កិច្ច​នាំយក​ជនសង្ស័យ​ទៅធ្វើ​ការសាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ហើយ​ជនសង្ស័យ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​ចាប់ពីពេលនោះ ៕

Share.