បាងកក៖ ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំង២ ដែលរងគ្រោះដោយជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

នៅក្នុងពិធីមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-nukara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការគ្នាទៅវិញទៅមក ដែលចូលជាធរមាននៅថ្ងៃទី១ ខែមីនា ខាងមុខនេះ។

លោក Wang បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមមួយថា «យុគសម័យគ្មានទិដ្ឋាការនេះ នឹងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៅកម្រិតថ្មីមួយ»។ លោក Wang បាន​បន្ត​ថា​៖ «​នឹង​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេស​ថៃ​»​។

ទន្ទឹមនោះ លោក Wang បាននិយាយថា «ទីក្រុងប៉េកាំង និងទីក្រុងបាងកកក៏បានសន្យាផងដែរក្នុងការពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ និងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។

ក្នុងនោះដែរ លោក Wang Yi និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍មុន អំពីបញ្ហារួមទាំងទំនាក់ទំនងទ្វេភាគី តៃវ៉ាន់ និងអ៊ីរ៉ង់ផងដែរ។

ប្រទេសចិន គឺជាប្រភពដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់ប្រទេសថៃ ដែលជាកត្តាជំរុញដ៏សំខាន់ពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ របស់អាស៊ីអាគ្នេយ៍មុនពេលផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែការវិលត្រឡប់របស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃវិញ គឺមានភាពយឺតយ៉ាវ។

គួររំលឹកថា ចំនួនអ្នកទេសចរចិន ទៅកាន់ប្រទេសថៃបានធ្លាក់ចុះពីចំនួន ១១លាននាក់ ក្នុងឆ្នាំ២០១៩ មុនពេលការឆ្លងរាតត្បាតកូវីដ១៩ មកដល់ត្រឹមតែ ៣.៥លាននាក់ កាលពីឆ្នាំមុន៕

ប្រភព៖ CNA

Share.