ម៉ានីល៖ ហ្វីលីពីននៅថ្ងៃចន្ទ សប្ដាហ៍នេះ បានបដិសេធថា ចិនមិនមាន «ការរៀបចំពិសេសជាបណ្តោះអាសន្ន» ជាមួយទីក្រុងម៉ានីល ដើម្បីអនុញ្ញាតឱ្យហ្វីលីពីន ផ្ដល់ការផ្គត់ផ្គង់ដល់កងទ័ពហ្វីលីពីន លើនាវាសល់ពីសម័យសង្រ្គាមលោកលើកទី២ នៅតំបន់ថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ដោយហៅការលើកឡើងនោះថាជា «ការស្រមើស្រមៃ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ឆ្មាំសមុទ្រចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុញ្ញាតឱ្យហ្វីលីពីនផ្តល់ការផ្គត់ផ្គង់អាហារ និងទឹកជាបណ្តោះអាសន្នដល់ទាហានដែលឈរជើងនៅលើនាវា BRP Sierra Madre ដែលជានាវាចុះចតនៅឆ្នាំ១៩៩៩ នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ចម្ងាយ ១៩០គីឡូម៉ែត្រពីខេត្ត Palawan ដើម្បីអះអាងការទាមទារទឹកដីពីទីក្រុងម៉ានីល។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិ លោក​ Jonathan Malaya បានប្រាប់ទូរទស្សន៍រដ្ឋ PTV-4 ថា «ការលើកឡើងនេះ ជាការស្រមើស្រមៃរបស់ឆ្មាំសមុទ្រចិនប៉ុណ្ណោះ ហើយថា មិនមានការពិតចំពោះរឿងនេះទេ»។

ឆ្មាំសមុទ្រចិនបាននិយាយថា ការផ្គត់ផ្គង់តាមអាកាសរបស់ហ្វីលីពីន បានបញ្ជូនដល់នាវាកងទ័ពជើងទឹកកាលពីថ្ងៃទី២១ ខែមករា។ យ៉ាងណាម៉ិញ លោក Malaya មិនបានបញ្ជាក់ ឬបដិសេធការផ្គត់ផ្គង់តាមយន្តហោះនេះទេ ប៉ុន្តែបាននិយាយថា ការផ្គត់ផ្គង់កងទ័ព គឺជាសិទ្ធិរបស់ប្រទេសគាត់។ លោក បាននិយាយថា «យើងមិនចាំបាច់ទទួលបានការអនុញ្ញាតពីនរណាម្នាក់ រួមទាំងឆ្មាំសមុទ្រចិន នៅពេលដែលយើងនាំយកការផ្គត់ផ្គង់តាមមធ្យោបាយណាក៏ដោយ មិនថាតាមកប៉ាល់ ឬតាមផ្លូវអាកាសនោះទេ»។

ការកាន់កាប់របស់ហ្វីលីពីន លើតំបន់ថ្មប៉ប្រះទឹក បានធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារ និងជាចំណុចមួយនៅក្នុងជម្លោះនាពេលថ្មីៗនេះ រវាងភាគីទាំង២ ដែលកាន់តែតានតឹងឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ferdinand Marcos Jr ដែលបានស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយយោធាសហរដ្ឋអាមេរិក។

គួររំលឹកថា ប្រទេស​ចិន​ បានទាមទារ​ស្ទើរតែ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល ដែលជា​ច្រកដ៏សំខាន់សម្រាប់​ពាណិជ្ជកម្ម​នាវាប្រចាំឆ្នាំ​ មានតម្លៃជាង​៣​ទ្រី​លាន​ដុល្លារ​។ ខណៈសមុទ្រចិនខាងត្បូងមួយនេះ មានការទាមទារទឹកដីរៀងៗខ្លួន ជាមួយនឹងប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ដែលតំបន់ខ្លះមានការទាមទារការប្រកួតប្រជែងលើកោះ និងតំបន់ថ្មប៉ប្រះទឹកផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បាននិយាយថា ការអះអាងរបស់ប្រទេសចិន មិនមានមូលដ្ឋានផ្លូវច្បាប់ទេ ហើយការសម្រេចចិត្តមួយរបស់ទីក្រុងប៉េកាំង បានច្រានចោលផងដែរ៕

ចុចអាន៖ ចិន អនុញ្ញាតឱ្យហ្វីលីពីន ផ្គ.ត់ផ្គង់ទាហា.ននៅតំបន់ថ្មប៉ប្រះទឹកដែលមានជ.ម្លោះ

ប្រភព៖ Reuters

Share.