សិល្បៈជាតិ៖ គេ​អាច​និយាយបានថា នេះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​និង​មុនគេ​សម្រាប់​ដើមឆ្នាំ ២០២៤ ដែល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​កំពូល​តារាចម្រៀង K-POP Legendary ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​គឺ​លោក Rain និង​កញ្ញា HyunA បាន​ប្រមូលផ្ដុំ​ដោយ​អ្នកគាំទ្រ​ជាង ២០ ម៉ឺន​មក​ទស្សនា​ផ្ទាល់​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ។

ព្រឹ​តិ្ត​ការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក​មានឈ្មោះ​ថា «GANZBERG Super Idol Concert» បានបង្ហាញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​ការសម្ដែង​ផ្ទាល់​របស់​កំពូល​តារាចម្រៀង K-POP Legendary ទាំងពីរ​ដួង ក៏ដូចជា​កំពូល​តារាចម្រៀងល្បីៗប្រចាំ​ប្រទេស​ខ្មែរ ដែល ធ្វើឱ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ ទិដ្ឋភាព​ដ៏​រំភើប សំឡេង​ហ៊ោកញ្ជ្រៀវ​កងរំពង មិន​ដាច់​សូរ​ពី​អ្នកគាំទ្រ​មកពី​គ្រប់ទិសទី ជាមួយ​ការសម្ដែង​ដ៏​កក្រើក​ក្នុង​រាត្រី​ដែល​មិនអាច បំភ្លេចបាន។

នេះ​គឺជា​លើក​ទី 2 ហើយ​សម្រាប់ Rain ដែល​បានមក​សម្ដែង​នៅ ប្រទេស​ខ្មែរ​ជាថ្មី​ម្ដងទៀត។ កំពូល​តារាចម្រៀង K-POP Jung Ji-hoon ដែល​អ្នកគាំទ្រ ទូទាំង​ពិភពលោក​ស្គាល់​ច្បាស់​ថា​ឈ្មោះ Rain មិន​ត្រឹមតែ​ជា​កំពូល​តារាចម្រៀង​ដ៏​ល្បី ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​លោក​ក៏​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ដ៏​ឆ្នើម អ្នករាំ និង​ជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​ផងដែរ។ ក្នុង​ឆ្នាំ 2004 Rain ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ បំផុត​ក្នុង​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ឬ “Full House” រឿងនេះ​គឺមាន​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ប្រទេស​យើង ដែលអ្នកណាៗក៏​ស្គាល់ Rain ច្បាស់​តាមរយៈ​ឈ្មោះ លី​យ៉ុង​ជេ។ លើសពីនេះ Rain ក៏​ទទួលបាន​ការសរសើរ​ជាច្រើន​នៅ​ទូទាំង​សកលលោក និង​ឈ្នះ​ពាន់រង្វាន់​ពិភពលោក​ជាច្រើន​ទៀតផង។

រីឯ​កញ្ញា HyunA ដែលមាន​ឈ្មោះ​ពេញ​ថា Kim Hyun-ah គឺជា​កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់ ហើយក៏​ជា​អ្នកនិពន្ធ​បទ​ចម្រៀង អ្នក​រ៉េ​ប​ដ៏​ពូកែ (Rapper) និង​ជាតា​រា​ម៉ូ​ដែល​ដ៏ ស្រស់ស្អាត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។ កញ្ញា HyunA បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ ក្នុង​ក្រុម Wonder Girl ប៉ុន្តែ​មិនយូរប៉ុន្មាន កញ្ញា HyunA ក៏បាន​ចូលរួម​ក្នុង​ក្រុម 4Minutes ក្រោម​ផលិតកម្ម Cube Entertainment។ ក្នុង​ឆ្នាំ 2010 កញ្ញា HyunA ក៏បាន​ចាប់ផ្ដើម​ច្រៀង ចម្រៀង​ទោល ដែល​បទ​ដំបូង​របស់​នាង គឺមាន​ចំណងជើង​ថា “Change” បទ​នេះ​គឺ​ទទួល បានការ​គាំទ្រ​ជាច្រើន និង​ជាប់​លំដាប់ថ្នាក់​លេខ 2ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។

សូមជម្រាបថា មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG Supper Idol Concert  ក្រៅពី​ការបង្ហាញ​ការសម្ដែង​ច្រៀង​ពី​កំពូល​តារាចម្រៀង K-POP ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក Rain និង កញ្ញា HyunA ហើយ​នោះ ព្រឹត្តិការណ៍នេះក៏​មា​ការចូលរួម​ពី​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស​រួមមាន លោក ឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណ​រាជ កញ្ញា យូ​រី (YURI) King Chi Mc Sey 1NE និង Redking ជាមួយ SOPHEAP មក​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយរីករាយ​បន្ថែមទៀត៕

Share.