ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសថា ភ្លៀងធ្លាក់យ៉ាងគំហុកកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ដែលនឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងការបាក់ដីផងដែរ។

នៅថ្ងៃសុក្រនេះ អាជ្ញាធរប្រទេសជប៉ុន បានប្រកាសប្រាប់ប្រជាជនស្ថិតនៅភាគខាងលិចប្រទេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ​និងបានបង្គាប់ឲ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព។

ភ្លៀងធ្លាក់យ៉ាងគំហុងនេះ បានចាប់ផ្តើមកើតមានឡើង នៅថ្ងៃសុក្រនេះតែម្តង ហើយវានឹងបន្តអូសបន្លាយប្រមាណ២ទៅ៣ថ្ងៃទៀត ហើយតំបន់ភាគខាងជើង និងភាគខាងត្បូងជប៉ុន ក៏នឹងទទួលរងឥទ្ធិពលនេះផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសអាសន្នទុកជាមុន និងបង្គាប់ឲ្យប្រជាជនជម្លៀសខ្លួន ដោយសារតែខ្លួនបានព្យាកររួចហើយថា គ្រោះមហន្តរាយដ៏អាក្រក់ៗផ្សេងទៀតនឹងកើតមានឡើង។

គួរបញ្ជាក់ថា ខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ជប៉ុន បានរងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈប្រជាជនសរុបជិត ៧ម៉ឺននាក់ ត្រូវបានបង្គាប់ឲ្យជម្លៀស ទៅរកទីកន្លែងមានសុវត្ថិភាព។ ការបង្គាប់ឲ្យជម្លៀសត្រូវបានធ្វើឡើង ក្រោយពីអាជ្ញាធរបានពិនិត្យឃើញថា កម្រិតទឹកនៅតាមដងទន្លេចំនួន ៣ នៃខេត្ត (Hiroshima) និងខេត្ត គូម៉ាម៉ូតុ (Kumamoto) ដែលនៅជាប់គ្នាបានកើនឡើង លើសពីកម្រិតប្រកាសអាសន្នហើយ៕

Telegram-Troryorng
Share.