សិល្បៈជាតិ៖ នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច​បាន​កោះហៅ​ម្ចាស់​គណនី​កំពូល​ម៉ូដ ដែល​តាំងខ្លួន​ថា​ជា​រូប​ស្នង​ព្រះ​នាង​ឥន្ទ្រ​ទេវី មក​ដុសក្អែល​ធ្វើការ​អប់រំ និង​ដោយមាន​ការស្នើសុំ​កិច្ច​អន្តរាគមន៍ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មកកាន់​អគ្គស្នងការ​នគរបាល​ជាតិ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​កោះហៅ​បុគ្គល​ឈ្មោះ អេ​ន ចរិយា ហៅ​អ្នកគ្រូ​លី ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ “EN Chariya” និង “កំពូល​ម៉ូតូ” ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​រូបភាព​កាយវិការ និង​ខ្លឹមសារ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទំលាប់ វប្បធម៌​ជាតិ ជាពិសេស ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​ព្រះ​នាង​ឥន្ទ្រ​ទេវី វីរៈ​ក្ស​ត្រី​នា​សម័យអង្គរ ដោយ​សម្តែង​ថា​មាន​បារមី​ចូល​សណ្ឋិត មក​ធ្វើការ​បំភ្លឺ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយមាន​ការចូលរួម​ពី​ភាគី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ 

ក្រោយពី​បាន​សាកសួរ ឈ្មោះ អេ​ន ចរិយា បានទទួល​ស្គាល់​នូវ​កំហុស ដូចខាងក្រោម៖

១. បាន​ប្រើប្រាស់​ព្រះកិត្តិនាម ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​វីរៈ​ក្ស​ត្រី​នា​សម័យអង្គរ ថា​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម។

២. បាន​ប្រើប្រាស់​សំលៀកបំពាក់​របាំ​ក្បាច់បុរាណ​ខ្មែរ (របាំ​ព្រះរាជ​ទ្រព្យ) មក​សម្តែង​រាំ និង​បកស្រាយ​ថា ក្បាច់​របាំ​មាន ១០៨ក្បាច់ ដែល​ខុសពី​ការពិត បង្ក​ឲ្យ​មានការ​ភ័នច្រឡំ​ពី​សំណាក់​សាធារណជន និង​ប៉ះពាល់​ដល់​របាំ​ក្បាច់បុរាណ​ខ្មែរ (របាំ​ព្រះរាជ​ទ្រព្យ) ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ។

សូមជម្រាបថា ក្រោយពី​ទទួលបាន​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា បុគ្គល​ឈ្មោះ អេ​ន ចរិយា បាន​ធានា​ចំពោះមុខ​សមត្ថកិច្ច និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខ​អក្សរ និង​ធ្វើ​វីដេអូ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក។ សមត្ថកិច្ច​នឹង​បន្ត​តាមដាន​សកម្មភាព​រប​ស់​បុគ្គល​ខាងលើ និង​អនុវត្ត​នីតិវិធី​បន្ត បើ​មិន​អនុវត្តតាម​ការ សន្យា។

Share.