កីឡករ គួន មុំ សមាជិតរបស់សមាគមបាល់ទះវិសាខា បានបង្ហើបប្រាប់ថា ក្រោយ​ចប់ការ​ប្រកួត​ពាន​រង្វាន់​កីឡាបាល់ទះ តេជោលីគ រដូវកាលឆ្នាំ២០២៣/២០២៤ រូប​គេ​នឹង​ត្រូវ​ចេញ​ទៅ​ប្រកបអាជីព​នៅ​ក្រៅប្រទេស​ជា​ថ្មី​ម្ដង​ទៀត។

ថ្លែង​ប្រាប់ អ្នកសារព័ត៌មានក្នុងការ​ប្រកួតពាន​រង្វាន់​កីឡាបាល់ទះ តេជោលីគ កីឡាករ​មាន​តួនាទី​វាយ​ប្រយុទ្ធ​ កំពុង​មាន​ភាព​លេច​ធ្លោ​រូប​នេះ​បាន​បញ្ជាក់​ថា ចប់​តេជោលីគ រូប​គេ​ពុំ​មាន​ពេល​ច្រើន​ឡើង​ដោយ​ត្រូវ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅប្រទេស តែ​ប្រទេស​ណា រូប​គេ​សុំ​លាក់​សិន ខណ:ការ​ចុះ​កិច្ច​សន្យា​បាន​ធ្វើ​រួច​រាល់​ហើយ។

ងាក​មក​ការប្រកួត​បាល់ទះ តេជោលីគវិញ កីឡករ គួន មុំ បាន​រួម​ចំណេក​ជួប​ក្រុមវិសាខា ​ឡើង​ទៅ​កាន់​ការប្រកួត​ជុំទី២ ដោយ​រក្សា​កំណត់​ត្រា​ ៧ប្រកួត ឈ្នះគ្រប់ការប្រកួត​ ដោយ​មិន​ចាញ់​សូម្បី​១សិត​ក្រោយ​បន្តឈ្នះ ក្លិប ន.ប ខេត្តពោធិ៍សាត់ នៅជុំទី២ កាលពីរសៀល ​ថ្ងៃអាទិត្យ ទី២៨ ខែ​មករាកន្លងទៅ។

កីឡាករ មានវ័យ​២៦ឆ្នាំ ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។

ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី វិញ​​ គួន ម៉ុម បាន​បន្ត​ចូលរួម​ជា​មួយ​ក្រុម​វិសាខា វិញ រហូត​ដល់​ចុង​ឆ្នាំ២០២៣ រូប​គេ​បាន​ផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម ជើង​ទី២ (ក្នុងលក្ខខណ្ឌខ្ចីជើង) កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

គួន ម៉ុម ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​គេ​ក៏​ជា​តួរ​អង្គ​ដ៏សំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ។

កីឡាករ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ មាន​កម្ពស់​១ម៉ែត្រ ៩៨​សង់ទីម៉ែត ​សមាជិករបស់​សមា​គម​បាល់ទះវិសាខា និងក្រុម​ជម្រើស​​ជាតិ​កម្ពុជា គឺជាកីឡាករខ្មែរទី២ បន្ទាប់ពី វឿន វាសនា ដែល​បច្ចុប្បន្ន​​កំពុង​ចូល​រួម​ជា​មួយ​ក្លិបបាល់ទះ Win Streak នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ៕

Share.