សិល្បៈអន្តរជាតិ៖ ក្រោយ​រឿង​ភាគ​កូរ៉េ​ដ៏​ល្បីល្បាញ «Jewel in The Palace» ឬ «ជីវិត​នាង​ចាំង​គីម»បាន​ចាក់​បញ្ចាំង​ហើយ​ទទួលបាន​ជោគជ័យ​កាលពី២០ឆ្នាំមុន ថ្មីៗនេះ​តារា​សម្ដែង​មុខ​ក្មេង​មិនចេះ​ចាស់ លី យ៉ុង​អេ នឹង​ត្រលប់មក​សម្ដែង​ជា​តួអង្គ ដេ ចាំង​គីម ម្ដងទៀត។

កាលពី​ថ្ងៃទី៣០ ខែមករា សារព័ត៌មាន​កូរ៉េ​បាន​ចុះផ្សាយ​យ៉ាង​គគ្រឹក​គ្រេង​ថា ភាពយន្ត​ល្បីល្បាញ​ជា​ប្រវត្តិសាស្ត្រ​រឿង ជីវិត​នាង​ចាំង​គីម បានបញ្ចប់​សេណា​រី​យ៉ូ​ជា​ស្ថាពរ​ហើយ​ក្រុម​ផលិត​ក៏បាន​ចុះ​កុងត្រា​ជាមួយនឹង​អ្នកនិពន្ធ​រួចរាល់​ដើម្បី​ថត​រឿង​ភាគ​ថ្មី​នេះដែរ ដោយ​តារា​សម្ដែង​នឹង​មក​ដើរតួ​អង្គជា ដេ ចាំង​គីម នោះ​គឺ​តារា​សម្ដែង​ស្រី លី យ៉ុង​អេ។

រឿង​ភាគ​បុរាណ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​នឹង​លាតត្រដាង​ពី​ជីវិត​នាង ចាំង​គីម ដែល​បាន​ក្លាយខ្លួនជា​វេជ្ជបណ្ឌិត គឺជា​សាច់រឿង​ដែល​លំហូរ​ទៅតាម​រឿង​ចាស់​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ MBC កាលពី​ឆ្នាំ២០០។ រឿងនេះ​ក៏​អាច​ចាត់ទុកបាន​ថា​ជា​ខួប២០ឆ្នាំ នៃ​ភាពយន្ត​ចាស់​ផងដែរ​ដូច្នេះ​ការផលិត​ភាពយន្ត​នេះ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​គឺ​កាន់​តែមាន​អត្ថន័យ​ជ្រាលជ្រៅ​ថែមទៀត។ តាម​ការទម្លាយ​ពី​ក្រុម​ផលិត​ភាពយន្ត​នេះ មាន​គោលដៅ​ចាក់​បញ្ចាំង​នៅ​ដើមឆ្នាំ​ក្រោយ។

តារា​សម្ដែង​ស្រី លី យ៉ុង​អេ ដែល​ធ្លាប់​សម្ដែង​ជា ចាំង​គីម នឹង​ត្រលប់មក​សម្ដែង​ជា​តួអង្គ ដេ ចាំង​គីម គឺជា​តារា​សម្ដែង​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​លើ​ការសម្ដែង​ភាពយន្ត​ភាគ​បុរាណ​ដូចជា កំណត់ហេតុ​សា​អ៊ី​ដាំ,អ្នកស៊ើប​អង្កេត​កូ, ថ្ងៃ​ដ៏​ស្រស់ស្អាត​មួយនា​និ​ទាឃ​រដូវ ជាដើម៕

Share.