ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យកន្លែងសាងសង់នាវា និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្លាំងទ័ពជើងទឹកដ៏រឹងមាំមួយ នៅក្នុងលក្ខណៈនៃ «ការត្រៀមធ្វើសង្គ្រាម»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃសុក្រ​ ទី២ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក គីម កំពុងត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹកថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យសមត្ថភាពរបស់វា ប្រសើរឡើងជាលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍ និងបង្កើនល្បឿននៃការផលិតអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានដកស្រង់សម្តីលោក គីម អំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់កំពង់ផែ Nampho ដែលជាមូលដ្ឋានសាងសង់នាវាយោធា ថា «ការពង្រឹងកម្លាំងទ័ពជើងទឹក គឺជាបញ្ហាសំខាន់បំផុតក្នុងការជំរុញ ការត្រៀមធ្វើសង្គ្រាម»។

សូមជម្រាបថា រូបថតដែលចេញផ្សាយដោយ KCNA បង្ហាញថា លោក គីម បានសម្លឹងមើលជុំវិញកន្លែងសាងសង់នាវាជាមួយនឹងមន្ត្រីរបស់គាត់។ យ៉ាងណាក៏ដោយ គេមិនទាន់បានដឹងពីព័ត៌មានលម្អិតពីផែនការរបស់មេដឹកនាំរូបនេះនៅឡើយទេ ខណៈបច្ចុប្បន្នកូរ៉េខាងជើង កំពុងតែបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីបំពេញមហិច្ឆតាក្លាយជា ប្រទេសមហាអំណាចនុយក្លេអ៊ែរ៕

ប្រភព៖ CNA

Share.