ទីក្រុងឡុងដ៍៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស King Charles ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា ទម្រង់ប្រឈួនហារីក ហើយព្រះអង្គនឹងផ្អាកការចូលរួមជាសាធារណៈ រួមទាំងផ្អាករាជកិច្ច ដើម្បីទទួលការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

រាជវាំង Buckingham បាននិយាយកាលពីថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) ថា ព្រះអង្គម្ចាស់ Charles មានព្រះជន្ម ៧៥ព្រះវស្សា ដែលបានឡើងគ្រងរាជ្យ កាលពីខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Elizabeth បានចាប់ផ្តើមការព្យាបាលជាបន្តបន្ទាប់ ដោយបន្ថែមថាព្រះអង្គទន្ទឹងរង់ចាំការវិលត្រឡប់មកបំពេញព្រះរាជកិច្ចវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការប្រកាសពីព្រះរោគប្រឈួនរបស់ព្រះមហាក្សត្រ Charles កើតឡើង ក្រោយព្រះអង្គបានចំណាយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៣យប់ កាលពីខែមុន ជាពេលដែលព្រះអង្គទទួលការព្យាបាលបញ្ហាក្រពេញប្រូស្ដាតរីកធំ។

បើតាមរាជវាំង Buckingham អំឡុងទទួលការព្យាបាល ព្រះមហាក្សត្រ Charles នឹងត្រូវផ្អាករាជកិច្ចមួយចំនួន តែព្រះអង្គនឹងនៅតែចាត់ចែងកិច្ចការរដ្ឋសំខាន់ៗ ហើយក៏នឹងបន្ដជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rish Sunak ខណៈមហេសីរបស់ទ្រង់ ម្ចាស់ក្សត្រិយ៍ Camilla នឹងបន្ដរាជកិច្ចរបស់ទ្រង់ជាធម្មតា។

ទាក់ទិននឹងបញ្ហានេះ ព្រះរាជវាំង Buckingham មិនបានផ្តល់ព័ត៌មានលម្អិតណាមួយថា ព្រះអង្គប្រឈួនមហារីកអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែប្រកាសថា ព្រះអង្គត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា ប្រឈួនទម្រង់មួយនៃជំងឺមហារីក ប៉ុណ្ណោះ៕

ប្រភព៖ CNA

Share.