សិល្បៈជាតិ​៖ ជា​ថ្មី​ម្ដង​ទៀត​ តារា​ក្បាច់​គុន​ខ្មែរ​អាមេរិកកាំង​ លោក ឌី សៅ បាន​ធ្វើ​ឱ្យ​អ្នក​ដែល​និយម​គាំទ្ររូបលោក​​កន្លង​មក​រីករាយ ​ជាមួយ​នឹង​ដំណឹង​ដ៏​ល្អថ្មីមួយ​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​ខ្មែរ​ ដោយ​លោក​បាន​ប្រកាសនៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​ពី​គម្រោង​ថត​ភាព​ខ្នាតធំ​នៅ​ប្រទេស​កម្ពុជា​នា​ដើម​ឆ្នាំ ​២០២៥​ ខាង​មុខ​នេះ។

ជាការពិត​ណាស់ បើ​និយាយ​ដល់​លោក​ ឌី សៅ ត្បិត​សាមី​ខ្លួន​តែងតែ​ដាក់ខ្លួន​ហើយ​និយាយ​ថា​ក្បាច់គុន​ល្បុក្កតោ​លោក​មិន​សូវ​ល្អ​ដូច​នៅ​ស្រុក​ខ្មែរ​ តែ​លោក​បាន​​ធ្វើ​ឱ្យ​កូន​ខ្មែរ​ជា​ច្រើន​មាន​មោទនភាព​ជាតិ​ ព្រោះ​លោក​មិន​ត្រឹម​តែ​ជា​តួ​សម្ដែង​ក្បាច់​គុន​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​គ្រូបង្វឹក​ក្បាច់​គុន​​ Trainer ឱ្យ​តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់អូស្កា​ឆ្នាំ​២០២៣ ផង​ដែរ​។

ជា​ការ​ពិត​ដែល​ប្រជាជន​ខ្មែរ​គឺជា​ជនជាតិ​មួយ​​​មាន​សម្បត្តិ​វប្បធម៌​និង​អរិយធម៌​ដ៏​ល្អ​ផូរផង់និង​​ចំណាស់​មួយ​នៅ​អាស៊ី ជា​ពិសេស​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ដូនតា​បាន​បន្សល់ទុក​​ជា​កេរ្តិ៍​មរតក​ក៏​ត្រូវ​បាន​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ ។ រហូត​មាន​ពេល​ខ្លះ​កូនខ្មែរ​ដែល​ជា​ម្ចាស់​ក្បាច់គុន​ថែម​ទាំង​​យក​ក្បាច់គុន​របស់​ខ្លួន​ទៅចែក​រំលែក​និង​បង្ហាត់បង្ហាញ។​ តួ​យ៉ាង​ដូចជា​ Dy Sao តារា​ក្បាច់គុន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​បាន​យក​ក្បាច់​គុន​ទៅ​បង្ហាត់​តារា​ហូលីវូដ​ល្បីៗ ដោយ​ក្នុង​នោះ​មាន​ទាំងលោក​ស្រី Michelle Yeoh ​តារា​សម្ដែង​​ម្ចាស់​ពាន​រង្វាន់​អូស្កា​ឆ្នាំ​២០២​៣​នេះ​ថែម​ទៀត​ផង​។

ងាក​មក​​ការ​សម្ដែង​ភាពយន្ត​វិញ លោក ឌី សៅ បាន​អភិវឌ្ឍ​​ខ្លួន​ពី​ Stuntman និង​គ្រូ​បង្វឹក​ក្បាច់​គុន​ មក​សម្ដែង​ជា​តួអង្គ​ឯក​នៅ​ក្នុង​ភាពយន្ត​បែបវាយតប់គ្នា​រឿង​ «Hanuman: Shadow Master» ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​២០២៣ កន្លង​ទៅ​។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​សាមីខ្លួន​ ការ​ត្រលប់​មក​ប្រទេស​កម្ពុជា​ដើម្បីថ​តភាពយន្ត​នេះ គឺជា​ការវិល​ត្រលប់​មក​មាតុភូមិ​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ទៅ​រស់​នៅ​អាមេរិក​តាំង​ពីកុមារ​ភាព​៖ «ទន្ទឹង​រងចាំ​ និង​រៀបចំ​ភាពយន្ត​ខ្នាត​ធំ​នៅ​ក្នុង​កម្ពុជា​ ដែល​គ្រោង​នឹង​ថត​នៅខែ​មករា​ ឆ្នាំ​២០២៥ (Jan 2025) វា​​នឹង​ជា​លើក​ដំបូង​របស់​ខ្ញុំ​ត្រលប់​មក​កម្ពុជា​វិញ​បន្ទាប់​ពី​ចាកចេញ​ពី​កុមារភាព​។ ខ្ញុំ​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​សម្រាប់​រឿង​នេះ​។ អរគុណ​អ្នក​ទាំង​អស់​គ្នា​ និង​សូម​ព្រះប្រទាន​ពរ​។

ការចែក​រំលែក​ដំណឹង​របស់​លោក ឌី សៅ អាចចាត់​ទុក​ជា​រឿង​មួយ​ដ៏​រីករាយ​សម្រាប់​អ្នក​គាំទ្រ​ដែល​និយម​ចូល​ចិត្ត​លោក​ ទទួល​​បានឱកាស​ជួប​និង​​ឃើញ​តារា​សំណព្វចិត្ត​របស់​ខ្លួន​មក​ប្រូម៉ូត​ផ្សព្វ​ផ្សាយ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ភាពយន្ត​ថ្មី​របស់​ខ្លួន​ ជា​ពិសេស​គឺជា​កិច្ច​​រួម​ចំណែក​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​​ក្នុង​ស្រុក​ ​ទៅ​កាន់​ក្រសែ​ភ្នែក​អ្នក​ទេសចរណ៍​នៅទូទាំង​សកល​លោក​តាម​រយៈ​ផ្ទាំង​ទស្សនីយភាព​​ភាពយន្តផង​ដែរ​៕ ​

Share.