ទីក្រុងម៉ានីល៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានរងរបួស នៅពេលដែលភ្លៀងបានបង្កឱ្យមានការបាក់ដី កប់លើរថយន្ដក្រុង ២គ្រឿង ដែលដឹកកម្មករចេញពីអណ្តូងរ៉ែមាសមួយកន្លែងនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ (ទី 6 ខែកុម្ភៈ) ក្នុងក្រុង Maco ក្នុងខេត្តភ្នំ Davao de Oro នៅលើកោះ Mindanao ជាកោះធំទី២ របស់ប្រទេសនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ទីភ្នាក់ងារគ្រោះមហន្តរាយក្រុង បាននិយាយនាថ្ងៃពុធ នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា មនុស្ស ១១នាក់បានរងរបួស ដោយម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាម៉ិញគេមិនបានដឹងទេថា មានមនុស្សប៉ុន្មាននាក់នៅលើរថយន្ដក្រុងនោះ នៅពេលមានការរអិលបាក់ដី ឬថាតើប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តឬយ៉ាងណានោះទេ។

ក្រុមហ៊ុន Apex Mining ដែលជាប្រតិបត្តិកររ៉ែមាសហ្វីលីពីន បាននិយាយថា ការបាក់ដីបានវាយប្រហារនៅខាងក្រៅការដ្ឋានអណ្តូងរ៉ែ ដែលជាកន្លែងរថយន្តក្រុងរង់ចាំដឹកកម្មករបញ្ចប់វេន។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថា «ក្រុមហ៊ុន Apex Mining បច្ចុប្បន្នកំពុងធ្វើការលើការស្វែងរកកន្លែងដីដែលកប់លើរថយន្តក្រុងនោះ និងបានស្វែងរកបុគ្គលិក រួមទាំងបញ្ជូនដំណឹងទៅក្រុមជួយសង្រ្គោះផងដែរ»។

ទន្ទឹមនឹងនេះ បទបញ្ជាជម្លៀសសម្រាប់ភូមិចំនួន៥ ក្នុងទីក្រុង Maco ត្រូវបានបង្ហោះនៅលើទំព័បណ្ដាញទំនាក់ទំនងហ្វេសប៊ុកផ្លូវការ របស់ទីភ្នាក់ងារគ្រោះមហន្តរាយក្រុងកាលពីយប់ថ្ងៃអង្គារផងដែរ។

សូមជម្រាបថា កោះ Mindanao មានភ្លៀង​ធ្លាក់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ដោយ​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់ជម្លៀស​ចូលទៅក្នុង​ជម្រក​សង្គ្រោះបន្ទាន់ ខណៈទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅក្នុងការ Update ចុងក្រោយរបស់ខ្លួនថា មានមនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ដោយសារការបាក់ដី និងទឹកជំនន់ក្នុងតំបន់កាលពីសប្តាហ៍មុន៕

ប្រភព៖ CNA

Share.