សិល្បៈ​អន្តរជាតិ៖ កញ្ញា​ Karolina Shiino វ័យ​២៦​ឆ្នាំ​ បាន​បោះ​បង់​មកុដ​ជយលាភីបវរកញ្ញា​ជប៉ុន​របស់​ខ្លួន​ ក្រោយ​កាសែត​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​រឿង​កញ្ញាមាន​ទំនាក់ទំនង​ជាមួយ​ស្វាមី​អ្នក​ដទៃ​។

យោង​តាម​ CNN និង​ The Associated Press ម្ចាស់​តំណែង​បវរកញ្ញា​ជប៉ុន សញ្ជាតិដើម​អ៊ុយ​ក្រែន បាន​ប្រកាស​បោះបង់​ចោល​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី៥ ខែ​កុម្ភៈ​ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​រឿង​ខ្លួន​ទាក់ទងស្នេហាជាមួយ​បុរស​ដែល​រៀបការ​រួច​។ កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤​ កញ្ញា Karolina គឺជា​ស្ត្រី​មក​ទ្វីប​អឺរ៉ុប​ទីមួយ​ដែល​បាន​ឈ្នះ​តំណែង​បវរកញ្ញ​ជប៉ុន​ Miss Nippon នេះ​បើ​តាម​ CNN និង​ BBC។

កញ្ញា​បាន​ថ្លែង​ប្រាប់សារ​សុំ​ទោស​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​ថា​ ៖ ខ្ញុំ​ពិតជា​សោកស្ដាយ​ដែល​បាន​បង្ក​កំហុស​ដ៏​ធំ​ ហើយ​ក្បត់ទំនុកចិត្ត​អ្នក​គាំទ្រ​ខ្ញុំ​ទាំង​អស់។ នៅ​ក្នុង​ពាក្យ​សុំ​ទោស​នោះ​ដែរ​ អតីត​ Miss Nippon បាន​​បញ្ជាក់​ទៀត​ ថា​ខ្លួន​ភ័យ​ខ្លាច​ផង​ ច្របូកច្របល់​ផង​ ទើប​ពេល​អ្នក​កាសែត​សួរ​នាំ​មិន​បាន​សារភាព​ការ​ពិត​។

ដំបូង​ឡើយ​ភាគី​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា បវរកញ្ញា​របស់​ខ្លួន​មិន​បាន​ដឹង​ទេថា​បុរស​ដែល​ខ្លួន​ទាក់ទង​មាន​ប្រពន្ធ​និង​កូន​ តែ​ក្រោយ​មក​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​សេចក្ដី​ប្រកាស​របស់​ខ្លួន​វិញ​​។ តាម​ដឹង​បុរស​ដែល​ទាក់ទងស្នេហា​ជាមួយនឹង​ Karolina គឺជា​ដុកទ័រ​ផង​និង​ជា​ Influencer មួយរូប​ផង​ដែរ​។

បុរស​ជា​វេជ្ជបណ្ឌិត​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​គឺ​លោក Takuma Maeda ក៏​បាន​សុំ​ទោស​ចំពោះ​កំហុស​ឆ្គង​ខ្លួន​ដែល​បង្កើត​ឱ្យ​មាន​រឿង​អាស្រូវ​កើត​ឡើង​។ នៅ​ក្នុង​ខ្លឹមសារ​ចុង​ក្រោយ​ដែល​លោក​បាន​ចែក​រំលែក​លើ​ IG នា​ថ្ងៃ​ពុធ​ លោក​បាន​និយាយ​ថា​លោក​គ្មាន​គម្រោង​លែងលះ​ភរិយា​លោក​​ឡើយ ហើយ​លោក​សន្យា​ថា​លោក​នឹង​ចាយ​ពេល​វេលា​ទាំង​អស់​ដែល​នៅសល់ដើម្បី​​ការងារ​និង​ជីវភាព​គ្រួសារ​។

អតីត​បវរកញ្ញា​ជប៉ុន​ ជនជាតិ​​ដើម​អ៊ុយក្រែន​រូប​នេះ​បាន​ទទួល​សញ្ជាតិ​ជប៉ុន​កាល​ពី​ឆ្នាំ​២០២២។ នាង​បាន​ផ្លាស់​មក​រស់​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​អាយុ​៥​ឆ្នាំ​ជាមួយ​នឹង​ម្ដាយ​របស់​នាង​ដែល​បាន​រៀបការ​ស្វាមី​ថ្មីជនជាតិ​ជប៉ុន​។ ខណៈ​ដែល​កញ្ញា​ចូលរួម​ក្នុង​ការ​ប្រកួត​នោះ​ក៏​កើត​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ផង​ដែរ ដោយ​សារ​តែ​រូបរាង​របស់កញ្ញា​មាន​លក្ខណៈ​ជានារី​អឺរ៉ុប​ មិនមាន​លក្ខណៈ​ជា​នារី​ជប៉ុន​នោះ​ឡើយ​។ Karolina ធ្លាប់​បាន​លើក​ឡើង​ថា​ខ្លួន​រីករាយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ហើយ​ក៏​រីករាយ​ដែរ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ខ្លួន​ក្នុង​នាម​ជា​នារី​ជប៉ុន​ម្នាក់​។ ទោះ​ជា​មាន​គេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​មែន​ជា​ជនជាតិ​ជប៉ុន​ក្ដី​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គឺជាជនជាតិ​ជប៉ុន​មួយរូប​។

សូម​ជម្រាបជូន​ថា​ ការ​សម្រេច​ចិត្ត​បោះបង់​មកុដ​របស់​ Karolina Shiino ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ទទួល​យក​ ប៉ុន្តែ​​តំណែងនេះ​នឹង​ត្រូវ​តម្កល់​ទុក​ឱ្យ​ទំនេរចោល​ពេញ​មួយ​ឆ្នាំ​ ដោយ​​មិន​រក​អ្នកថ្មី​មក​​ជំនួសតំណែង​​​នោះ​ឡើយ​៕

Share.