ទីក្រុងសេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៨ កុម្ភៈ) ថា សភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សភាកូរ៉េខាងជើង ដែលចាត់វិធានការជាផ្លូវការ ដើម្បីអនុម័តសេចក្តីសម្រេចគោលនយោបាយរបស់គណបក្សពលករដែលកំពុងកាន់អំណាចនេះ ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ ភ្នំ គឹមហ្គាង (Mount Kumgang) ផងដែរ។

ដំណើរកម្សាន្តទៅកាន់ភ្នំដ៏ស្រស់ស្អាតនៅភាគខាងជើងនៃព្រំដែនភាគខាងកើតនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចាប់ផ្តើម អំឡុងទំនាក់ទំនងរវាងកូរ៉េទាំង២ នៅដើមទសវត្សរ៍ឆ្នាំ២០០០ ដោយទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់។

គម្រោងនេះត្រូវបានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ដែលបានវង្វេងចូលទៅក្នុងតំបន់ហាមឃាត់ ហើយត្រូវបានបាញ់សម្លាប់ដោយឆ្មាំកូរ៉េខាងជើង។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលជាអ្នករកផ្លូវដោះស្រាយទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង បាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើង មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយប្រទេសនេះ នឹងធ្វើឱ្យខ្លួនឯងធ្លាក់ចូលភាពឯកោកាន់តែជ្រៅ។

ទាក់ទិននឹងបញ្ហានេះ មន្ត្រីម្នាក់បានបន្ថែមថា ទីក្រុងសេអ៊ូល មិនទទួលស្គាល់ការផ្លាស់ប្តូរឯកតោភាគីនោះទេ។ ខណៈរបាយការណ៍របស់ទីភ្នាក់ងារ KCNA មិនបានលើកឡើងពីច្បាប់ពិសេសរបស់កូរ៉េខាងជើង ដែលគ្រប់គ្រងគម្រោងសេដ្ឋកិច្ចរួមគ្នាដ៏សំខាន់មួយទៀត គឺតំបន់ឧស្សាហកម្ម Kaesong នោះទេ៕

ប្រភព៖ Reuters

Share.