សៀមរាប ៖ អគ្គិភ័យឆាបឆេះរោងសិប្បកម្ម និងលក់គ្រឿងសង្ហារឹមមួយកន្លែង ខណៈដែលម្ចាស់មិននៅ បិទទ្វារចាក់សោទុកចោល រវល់តែនៅផ្ទះមួយកន្លែងទៀត បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តេាគមន៍ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់រងគ្រោះឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់គ្រឿងសង្ហារឹម នៅចំណុចកើតហេតុ មានផ្ទះមួយកន្លែងទៀត នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា ម្ចាស់រងគ្រោះបានបិទទ្វារចាក់សោទុកចោលតាំងពីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ រវល់តែទៅជួបជុំគ្រួសារ នៅផ្ទះមួយទៀតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រាប់តែអគ្គិភ័យឆាបឆេះរោងសិប្បកម្ម ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿងចេញទៅអន្តរាគមន៍ រថយន្តស្នងការខេត្តចំនួន៥គ្រឿង រថយន្តអាជ្ញាធរអប្សារាចំនួន១គ្រឿង រថយន្តអាវុធហត្ថ ចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃដដែល ទើបភ្លើងរលត់ តែមិនបង្កឱ្យអ្នកណារងរបួស ។

ចំពោះករណីខាងលើ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយទេ បន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.