ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នាឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងជិះឆ្លងផ្លូវច្រាសគ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែក៤នាក់ទៀត ស្រី២នាក់ រងរបួសស្រាល ។

ឧប្បត្តិហេតិគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-1942 ជិះដោយឈ្មោះ វណ្ណី វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ របួសស្រាល រួមដំណើរដោយឈ្មោះ ពូន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសបាក់ជើងឆ្វេង ។ ទាំង២នាក់ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-6849 ជិះដោយឈ្មោះ ហុន រ៉ានី ភេទប្រុស អាយុ៣៦ ឆ្នាំ រួមដំណើរជាមួយ ប្រពន្ធ និងប្អូនថ្លៃស្រី ជាកម្មការនីរោងចក្រ រងរបួសស្រាលទាំង៣នាក់ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ ពាក់ស្លាកលេខ ព្រៃវែង ជិះឌុបប្រពន្ធ និងប្អូនថ្លៃស្រី ជិះឆ្លងផ្លូវពីលិចទៅកើត ដល់បំណែកផ្លូវម្ខាងទៀត បានបុកគ្នាជាមួយ ភាគីខាងយុវជន២នាក់ ជិះម៉ូតូ ពាក់ស្លាកលេខ តាកែវ ឆ្លងផ្លូវពីកើតទៅលិច ច្រាសគ្នា បណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់ បាក់ជើងឆ្វេង របួសស្រាល៤នាក់ ស្រី២នាក់ ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូទាំង២គ្រឿង ភាគីសងខាងនិយាយមិនត្រូវគ្នា ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង​ សែនជ័យ

Share.