កីឡា​ការិនី ស្រួង ភាវី របស់​កម្ពុជា បាន ឈ្នះ​ពានរង្វាន់​ទី៧ របស់ LPBA ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​ស្នូកឃ័រ​អាជីព (Professional Billiards Association)​​​ នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

គូ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​របស់​ម្ចាស់​មេដាយ​មាស ស៊ីហ្គេម ស្រួង ភាវី គឺ​កីឡា​ការិនី​របស់​កូរ៉េខាងត្បូង Jung-suk LIM ក្រោយ​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង មួយ​រូប​ទៀត​​គឺ​កីឡា​ការិនី Kyung-ja Kim នៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ កន្លង​ទៅ។

ក្រោយ​ដណ្តើម​បាន​ជើង​ឯក​កីឡា​ការិនី ស្រួង ភាវី បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖«ពាន​ទី​៧របស់​LPBAដែល​ខ្ញុំ​បាន​លើក​ក្នុង​ថ្ងៃ​នេះ​ ! ខ្ញុំ​ជឿជាក់​ថា​ពុក​ម៉ែ​បងប្អូន​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​នូវ​ស្ថានភាព​នេះ​គ្រប់​ៗ​គ្នា​ គឺ​ថា​រាល់​កិច្ចការ​ទាំង​អស់​ដែល​យើង​សម្រេច​បាន​ដោយ​ការ​តស៊ូ​ពុះពារ​ដ៏​ស្វិតស្វាញ​ នោះ​ប្រាកដ​ជា​ហត់​នឿយ​តាំងពី​ចាប់​ផ្ដើម​រហូត​ដល់​ពេល​សម្រេច​បាន​នូវ​លទ្ធផល​ នោះ​រូប​រាង​កាយ​របស់​យើង​នឹង​ទ្រុឌទ្រោម​ជា​ទំងន់​ ។ ប៉ុន្តែ​ដោយ​ហេតុ​យើង​សប្បាយ​រីករាយ​នូវ​លទ្ធផល​ដែល​យើង​សម្រេច​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​មោះមុត​នេះ​ ធ្វើ​ឱ្យ​ភ្លេច​អស់​នូវ​ការ​ហត់​នឿយ​ទាំង​ប៉ុន្មាន​ដែល​បាន​ឆ្លង​ផុត​វា​ដោយ​លំបាក​លំបិន​នោះ»។

នារី​ដែល​ចេះ​និយាយ​ភាសា​កូរ៉េ បាន​យ៉ាង​ច្បាស់​រូប​នេះ​បន្ថែម​ថា៖«សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ដើម្បី​បាន​លើក​កិត្យានុភាព​ មោទកភាព​ និង​ភាព​ក្លាហាន​ ខ្លាំង​ក្លា​របស់​ជន​ជាតិ​ខ្មែរ​ ខ្ញុំ​សូម​ស៊ូ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ បូជា​ទាំង​កម្លាំង​ កាយ​ ចិត្ត​ ធ្វើ​យ៉ាងណា​ពុះពារ​តស៊ូ​រហូត​បាន​ទទួល​នូវ​អ្វី​ដែល​ពុក​ម៉ែ​បងប្អូន​ចង់​ឃើញ​ ចង់​បាន​ ពី​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ។ ព្រោះ​តែ​ជំពាក់​គុណ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ទើប​រូប​ខ្ញុំ​ខំប្រឹង​ ដើម្បី​តប​ស្នង​នូវ​គុណូបការៈ​ មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​»។

ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក ស្រួង ភាវី ទទួល​បាន​ពានរង្វាន់​ចំនួន១ អម​ដោយ​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ចំនួន៣០​លាន​វ៉ុន (ជាង​៩១​លាន​រៀល)៕

ខាងក្រោមជាវីដេអូប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់​កីឡា​ការិនី​ ស្រួង ភាវី ទាំង​ស្រុង៖

Share.