កំពង់ស្ពឺ៖ រដ្ឋបាលស្រុកភ្នំស្រួច បានបញ្ជាក់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅឧទ្យានជាតិភ្នំគិរីរម្យ រហូតបង្កទៅជាហិង្សារវាងក្រុមក្មេងទំនើងទាំងសងខាងនោះ គឺមិនមានអ្នកស្លា.ប់ ដូចការផ្សព្វផ្សាយរបស់Facebook និង Page Facebook មួយចំនួននោះទេ។

តាមរដ្ឋបាលស្រុកភ្នំស្រួច បញ្ជាប់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី នៅលើ ឧទ្យានជាតិគីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធ មានករណីម៉ូតូ០១គ្រឿងម៉ាកScopy-i ពណ៌ក្រហមគ្មានផ្លាក លេខ សេរីឆ្នាំ២០២២ ជិះគ្នា០២នាក់ បើកបរដោយឈ្មោះ វី សុគុន្ធ បានជិះទៅបុក ម៉ូតូ ០១គ្រឿងទៀត ម៉ាក សង់ C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1KK-4037 ជិះគ្ន ០២នាក់ បើកបរដោយឈ្មោះ សេង រ៉ាវ័ន្ត បណ្តាលឱ្យដួលម៉ូតូទាំង០២គ្រឿង រួចបក្សពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ក៏ទាញ ដំបងមែកស្រល់ដេញវាយទៅលើបក្សពួករបស់ឈ្មោះ វី សុគុន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរនោះ។ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដរ ប៉ុន្តែមានគេចាប់ឃាត់។

ក្រោយកើតហេតុភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះអន្តរាគមន៍ស្ទាក់ឃាត់បានមុខសញ្ញាខាងភាគីពាក់ព័ន្ធចំនួន០៣នាក់ ទី១-ឈ្មោះ សេង រ៉ាវ័ន្ត ភេទប្រុស។ ទី២-ឈ្មោះ គង់ ណាវី ភេទប្រុស។ ទី៣-ឈ្មោះ សេង ពន្លឺ ភេទប្រុស។ ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ រីឯឈ្មោះ រី សុគុន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង។

ជុំវិញករណីខាងលើ រដ្ឋបាលស្រុកភ្នំស្រួច បានបញ្ជាក់ឱ្យមហាជនបានជ្រាបថា ករណីនេះគឺពុំបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ គឺគ្រាន់តែរបួស។ ហើយបច្ចុប្បន្ន ជនសង្ស័យបង្កហិង្សាទាំង០៣នាក់ ត្រូវបានអធិការដ្ឋានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ សង្គម


Share.