សិល្បៈជាតិ៖ ថ្មីៗនេះ សមាគម​សិល្បករ​ខ្មែរ បានចេញ​សេចក្ដីថ្លែងការណ៍​ថ្មី​បង្ហាញ​ពី​ចំណាត់​ការណ៍ធំៗចំនួន ២ ដើម្បី​ជាការ​រួមចំណែក​ចូលរួម​ការពារ​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​សិល្បករ​សិល្បការិនី បន្ទាប់ពី​មាន​ហេតុការណ៍​ជាច្រើន​មិន​សមរម្យ​កើតឡើង​នៅក្នុង​ចង្កោម​សិល្បៈ និង​លាតត្រដាង​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សមាគម​សិល្បករ​ខ្មែរ បាន​រៀបរាប់​ខ្លឹមសារ​យ៉ាង​ដូច្នោះ៖ «យោងតាម​ស្មារតី​នៃ​កិច្ចពិភាក្សា​របស់​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ក្នុង​គោលបំណង​ថែរក្សា ការពារ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​សិ​ល្បករ​ទូទៅ និង​ដោយមាន​ការស្នើសុំ​ពី​សិល្បករ​ជាច្រើន​នាពេល​កន្លងមក សមាគម​សូម​ដាក់ចេញ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម សម្រាប់​សមាជិក​ទាំងអស់​ចូលរួម​អនុវត្ត ព្រមទាំង​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន ដើម្បី​ជ្រាប​ជា​ព័ត៌មាន៖

១. សមាគម​សិល្បករ​ខ្មែរ សូមបញ្ជាក់​ជូន​សិល្បករ​ទាំងអស់​ឱ្យបាន​ជ្រាបថា សមាគម​សូម​មិន​គាំ​ទ និង​បដិសេធ​ជាដាច់ខាត​ចំពោះ​សិល្បករ​រូប​ណា ដែល​យក​វិជ្ជាជីវៈ​សិល្បៈ​របស់ខ្លួន ឬ យកឈ្មោះ​ជា​សិល្បករ ទៅ​ប្រព្រឹត្ត​ទង្វើ​មិនគួរ​គប្បី ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​នាំមក​នូវ​ការបាត់បង់​តម្លៃ​ជា​សិល្បករ និង​អាប់ឱន​ដល់​កិត្តិយស​សិល្បករ​ដទៃទៀត ដែល​កំពុង​ខិតខំ​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ។

២. សូម​សិល្បករ​ជា​សមាជិក​ទាំងអស់ ផ្តល់ព័ត៌មាន​មកកាន់​សមាគម ដើម្បី​បានទទួល​ការប្រឹក្សា យោបល់ ឬ​ដំណោះស្រាយ​ដោយ​សន្តិវិធី ឬ​ការគាំទ្រ​ផ្នែក​ច្បាប់​ស្របតាម​គោលការណ៍​សមាគម ប្រសិនបើ​មាន វិវាទ​ណាមួយ​កើតឡើង ជៀសវាង​ការ​បង្ហោះ​វីដេអូ​ជេរប្រមាថ​ឆ្លើយឆ្លង​ទៅវិញទៅមក នាំឱ្យ​ត​មៃ្ល​ជា​សិល្បករ​ធ្លាក់ ចុះ ជា​គំរូ​មិនល្អ​ដល់​អ្នកគាំទ្រ និង​មហាជន​ទូទៅ​ផងដែរ»

យ៉ាងណាមិញ លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់លោក​ជំទាវ​ជា​សំណេរ​ភ្ជាប់​មក​ដែរ​ថា ៖ «នាង​ខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន​សិល្បករ​សិល្បការិនី និង​សាធារណជន​ឲ្យ​បាន​ជ្រាបថា ដើម្បី​ចូលរួម​ការពារ​មុខមាត់ កិត្តិយស​សេចក្ដីថ្លៃថ្នូរ​សម្រាប់​បងប្អូន​សិល្បករ​សិល្បការិនី​ទូទៅ ជាពិសេស​ដើម្បី​ចូលរួម​ការពារ​គុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នៃ​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​យើង សមាគម​សូម​មិន​គាំទ្រ​ជាដាច់ខាត​ចំពោះ​បងប្អូន​សិល្បករ​ណា ឬ​បុគ្គល​ណា ប្រើ​ឈ្មោះ​ជា​សិល្បករ ហើយ​ទៅ​ប្រព្រឹត្ត​រឿង​មិន​គប្បី​នោះឡើយ។ សូម​អរគុណ​បងប្អូន​សម្រាប់​ការចែករំលែក​ចែករំលែក​បន្ត ដើម្បី​អោយបាន​ជ្រាប​ដល់​បងប្អូន​សិល្បករ និង​មហាជន​ទូទៅ​កាន់តែច្រើន។ បើ​បងប្អូន​មាន​បញ្ហា ឬ មាន​ចំងល់​ចង់​ពិភាក្សា សូម​ទាក់ទង​មក​លេខ 017990332 សូម​អរគុណ»។

គួរបញ្ជាក់​បន្ថែមថា ចំណាត់​ការណ៍ ២ ធំៗរបស់​សមាគម​សិល្បក​រ​ខ្មែរ​ដូច​បាន​រៀបរាប់​ខាងលើនេះ​គឺ​ត្រូវបាន​មហាជន​អ្នកលេង​បណ្ដាញ​សង្គម ក៏ដូចជា​ម​ជ្ឍ​ដ្ឋា​ន​អ្នកសិល្បៈ គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ៕

Share.