នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា កិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា គឺអភិបាលកិច្ច ដោយមានន័យថាយើងត្រូវរៀបចំផ្ទះឱ្យបានស្អាតបាត ទើបមានផាសុកភាពល្អ បង្កឱ្យការបម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងន័យនេះ សម្តេចបញ្ជាក់ថា ក្រសួងអធិការកិច្ចបានប្តូរឈ្មោះប៉ុន្តែភារកិច្ចស្នូលនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះក៏ជាការបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួង ដើម្បីឱ្យដើរតួនាទីកាន់តែសកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការនៃការពង្រឹងអភិបាលកិច្ច ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការងារការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។

សម្តេចថ្លែងថា  ក្នុងបរិការណ៍នេះ កិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ប្រកបដោយប្រសិទ្ធភាព និងភាពប្រទាក់ក្រទ្បា ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល » ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញ ដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ ។

ក្នុងពិធីនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះដែរ សម្តេចនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ក្រសួងអធិការកិច្ចដែលមានដូចតទៅ៖

ទី១. ក្រសួងអធិការកិច្ច មានតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ, ការផ្ដល់ការលើកទឹកចិត្តផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការដាក់ទណ្ឌកម្ម, វិន័យ និងវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ ដែលប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាច នៅពេលអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ ​

ទី២. ក្រសួងអធិការកិច្ច ត្រូវផ្តួចផ្តើមនិងនាំមុខ ក្នុងការរៀបចំយន្តការត្រួតពិនិត្យប្រកបដោយគុណភាព, ប្រសិទ្ធភាពព្រមទាំងធានាឱ្យបាននូវសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច នៅក្នុងរដ្ឋបាលសាធារណៈ ។ ជាមួយគ្នានេះ​ ក្រសួងត្រូវយកចិត្តទុកដាក់៖ (១)ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយអង្គភាពអធិការកិច្ច ចំណុះឱ្យក្រសួង-ស្ថាប័ន តាមរយៈការណែនាំ ឱ្យបានស៊ីជម្រៅលើការងារអធិការកិច្ច, ការរៀបចំនីតិវិធីអធិការកិច្ច និងស្តង់ដាជាតិអធិការកិច្ច ព្រមទាំងជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសង្គតិភាព នៃការអនុវត្តការងារ, (២) រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានក្នុងវិស័យអធិការកិច្ច ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន និងអង្គភាពរងអធិការកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពការងារ, (៣) គោរពតាមឋានានុក្រមនៃការងារអធិការកិច្ច, មានន័យថា ក្រសួង អធិការកិច្ចជាអធិការកិច្ចថ្នាក់រាជរដ្ឋាភិបាល ធ្វើអធិការកិច្ចលើគ្រប់វិស័យនៅគ្រប់ក្រសួង- ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ, ចំណែកអគ្គាធិការដ្ឋានជាអង្គភាពអធិការកិច្ចតាមក្រសួង-ស្ថាប័ន និងធ្វើអធិការកិច្ចលើជំនាញក្នុងសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័នសាមី, (៤) ចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសដែលមានមុខងារត្រួតពិនិត្យ ដើម្បីលើកកម្ពស់មូលធនមនុស្ស, ការផ្លាស់ប្តូរបទពិសោធល្អៗ និងឧត្តមានុវត្តជាក់ស្ដែងពីគ្នាទៅវិញទៅមក, និង (៥) បន្ត ផ្សព្វផ្សាយច្បាប់ឱ្យបានទូលំទូលាយ សំដៅលើកស្ទួយការគោរព និងការអនុវត្តច្បាប់, កាត់បន្ថយអំពើពុករលួយ និងការរំលោភបំពានច្បាប់,លើកតម្កើងយុត្តិធម៌សង្គម, ព្រមទាំងបង្កើតបាននូវវប្បធម៌សន្តិភាព​ អហិង្សា និងនីតិរដ្ឋ ។

ទី៣. ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័នបន្ថែមទៀត ដោយផ្តោតលើ៖ (១) កសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រីឱ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាពស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ, (២) ពង្រឹងការអនុវត្តតួនាទីអធិការកិច្ចឱ្យបានទូលំទូលាយ, ស្មើភាព និងមិនរើសអើង ប្រកបដោយភាពម៉ឺងម៉ាត់ ដោយផ្អែកលើច្បាប់ជាធំ តាមអភិក្រមទាំង៥ ​គឺ «ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់», (៣) ពង្រឹងយន្តការតាមដានការអនុវត្តច្បាប់, គោលនយោបាយ និងបទបញ្ជា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ, វឌ្ឍនភាព សមិទ្ធកម្ម និងធានាបាននូវ ការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ​ និង (៤) បន្តពង្រឹងយន្តការ ដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយរៀបចំវិធីសាស្ត្រងាយស្រួលសម្រាប់ទទួលពាក្យបណ្ដឹង តាមរយៈការបង្កើតការិយាល័យទទួលពាក្យបណ្តឹងនៅតាមមន្ទីរអធិការកិច្ច រាជធានី-ខេត្ត ។
ជាមួយគ្នានេះ, ក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹងតាមប្រព័ន្ធ អនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្ដឹងទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកៀកនឹងប្រជាពលរដ្ឋ។

ទី៤. នៅក្នុងទស្សនៈ«អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ», ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពសាធារណៈទាំងអស់ ត្រូវ ចូលរួមសហការឱ្យបានល្អក្នុងការងារអធិការកិច្ចដ៏មានសារៈសំខាន់នេះ ស្របតាមពាក្យស្លោក របស់សម្តេចតេជោ «អធិការកិច្ចជាភ្នែក, ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ ថ្នាក់ក្រោម» ដែលពាក្យស្លោកនេះ គួរត្រូវប្រើប្រាស់ជាបេសកកម្មរបស់ក្រសួងអធិការកិច្ច ក៏ដូចជា បេសកកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បាន ឃើញ និងបានឮ សម្រាប់យកមកពិចារណា ដោយស្តាប់ឱ្យច្បាស់, សម្លឹងឱ្យឆ្ងាយ និងវិនិច្ឆ័យឱ្យ បានត្រឹមត្រូវ។ ​

​ទី៥. ក្រសួងអធិការកិច្ច ត្រូវរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់ បម្រើឱ្យវិស័យអធិការកិច្ចឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវពន្លឿនការតាក់តែងច្បាប់ តាក់តែងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយសម្រួចលើការងារស្នូលសំខាន់ៗ ​នៃការប្ដូរឈ្មោះក្រសួង និងសេចក្តីព្រាងច្បាប់ស្ដីពីអធិការកិច្ចឱ្យបានឆាប់រហ័ស។ ទន្ទឹមនេះ, ក្រសួងអធិការកិច្ច ត្រូវសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដឹងតវ៉ា និងច្បាប់ ស្ដីពីបណ្តឹងបរិហារ ដែលមានកន្លងមក ឬត្រូវតាក់តែងថ្មី ឱ្យស្របតាមការវិវត្ដ នៃស្ថានភាពសង្គមជាតិជាក់ស្ដែង។ ខ្ញុំសូមឱ្យក្រសួងយុត្តិធម៌ និង ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈ​ រដ្ឋមន្ត្រី និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការរៀបចំសេចក្តីព្រាងច្បាប់ និង លិខិតបទដ្ឋាន គតិយុត្ត របស់ក្រសួងអធិការកិច្ចឱ្យបានឆាប់រហ័ស ដោយឈរលើផលប្រយោជន៍រួម សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមជាតិ។

ទី៦. ក្រសួងអធិការកិច្ច ដែលមានវិទ្យាស្ថានជាតិអធិការកិច្ច ជាសេនាធិការត្រូវពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ច ដោយយកចិត្តទុកដាក់ជ្រើសរើសមុខជំនាញ និងប្រមូលផ្តុំ គ្រូជំនាញមានបទពិសោធច្បាស់លាស់, ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ជាពិសេសត្រូវជំរុញ កិច្ចការស្រាវជ្រាវរបស់សិក្ខាកាមឱ្យមានលក្ខណៈវិទ្យាសាស្ត្រ និងអាចយកមកអនុវត្ត​ ស្របតាមបរិការណ៍នៃការអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនេះ, វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ តាមជំនាញឯកទេសនីមួយៗ ឱ្យស្របនឹងតម្រូវការជាក់ស្ដែង សំដៅធ្វើឱ្យសិក្ខាកាមមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ដើម្បីបំពេញឱ្យបាននូវតម្រូវការជំនាញជាសារវ័ន្តរបស់ជាតិ ។

និងទី៧. ក្រសួងអធិការកិច្ច ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់ខ្លួន, ជាពិសេសមន្ត្រីអធិការកិច្ចលើផ្នែកអក្ខរកម្ម- ឌីជីថល (Digital literacy) ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល អធិការកិច្ចក្នុងបរិបទឌីជីថល និងធ្វើទំនើបកម្មស្ថាប័ន សំដៅឈានដល់ការសម្រេចអធិការកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល​ ដែលការណ៍នេះ ម្យ៉ាងបង្កើនប្រសិទ្ធភាព, កាត់បន្ថយពេល និងថ្លៃនៃការអនុវត្តការងារ និង ម្យ៉ាងទៀត រួមចំណែកដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥​៕

Share.