ព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូ ក្រុមការងារបច្ចេកទេសជប៉ុន នៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយអាស៊ី (ADRC) ដែលបានមកបំពេញទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាល អំពីប្រព័ន្ធផ្កាយរណប ខ្វាសៃ ហ្សឺណិត (Quasi Zenith (QZSS)) ដល់មន្ត្រី ជំនាញ និងសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងជំនួបពិភាក្សា លោក អ៉ី សុខឡេង អភិបាលរកខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ   ដែលមាន វិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់រួមចំណែកអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច និង ប្រជាជន ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារ ខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។

ជាមួយការអភិវឌ្ឍរីកចម្រើននេះដែរ ក៏មានការចូលរួមអភិវឌ្ឍន៍របស់គម្រោងធំៗដោយមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន កម្មវិធីកិច្ច សហប្រតិបត្តិការជប៉ុន (JICA) ក្រោមជំនួយ ODA បានគាំទ្រដល់ការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ជាជំហានៗ ដែលធ្វើឲ្យ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងទទួលនាវាខ្នាតធំ និងអាចប្រកួតប្រជែងជាមួយដៃគូកំពង់ផែនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី។

យោងតាមស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បច្ចុប្បន្ន មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដែល នឹងអាចកើតមានឡើងជាយថាហេតុ រួមមាន ខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម អាចនឹងធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ លំនៅឋាន អាយុជីវិត មនុស្ស សត្វ និងប៉ះពាល់ដល់កត្តាជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានគាំទ្រ និងមានសេចក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូមានមតិ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ការគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសជប៉ុន ដែលជាប្រទេសមួយមានជំនាញ ចំណេះដឹង និងបទពិសោធន៍ខ្លាំងជាងគេ លើពិភពលោក បានចាត់ទុកខេត្តព្រះសីហនុ ជាគោលដៅដំបូងគេ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ និងរៀបចំវគ្គបណ្តុះបណ្ដាលអំពីប្រព័ន្ធ ផ្កាយរណប Quasi Zenith (QZSS) ដល់មន្ត្រី ជំនាញ និងសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្តព្រះសីហនុនេះ។

ជាមួយគ្នានេះដែរ គណៈប្រតិភូនៃប្រទេសជប៉ុន បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុដែលដឹកនាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យ ហើយគោលបំណងគណៈប្រតិភូនៃប្រទេសជប៉ុននាពេលនេះ គឺបណ្ដុះបណ្ដាលអំពីហានិភ័យគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុព្រោះប្រទេសជប៉ុនធ្លាប់មានបទពិសោធន៍និងបច្ចេកទេសព្រោះធ្លាប់ឆ្លងកាត់នៅគ្រោះមហន្តរាយជាញឹកញាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.