ពោធិ៍សាត់៖ ផ្ទះទំហំ18 ម៉ែត្រនិងបណ្ដោយ 20 ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីរួមនឹងសម្ភារៈទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានភ្លើងឆេះព្រៃឆាប់ឆេះបំផ្លាញអស់ទាំងស្រុងខណៈពេលម្ចាស់មិននៅ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង 12:00 និង 32 នាទីរសៀលថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2024 ត្រង់ចំណុចអូកំបោរស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបញ្ជាក់ឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះបង្កឡើងដោយសារភ្លើងឆេះព្រៃទើបរាលដាលឆាបឆេះដល់ផ្ទះ ទំហំទទឹង 18 ម៉ែត្រនិងបណ្ដោយ 20 ម៉ែត្រ ក្នុងនោះមានទ្រព្យសម្បត្តិ ត្រាក់ទ័រម៉ាកហ្វតចំនួនមួយគ្រឿង ឈើ ក្តានិងគ្រឿងសង្ហារឹមមួយចំនួនត្រូវបានឆេះបំផ្លាញអស់គ្មានសល់ ដែលមានម្ចាស់ឈ្មោះ ឡោ ឡាំ ភេទប្រុសអាយុ 45 ឆ្នាំ។

ជំវិញករណីនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុក កម្លាំងយោធាសឹករងស្រុក ជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន4រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖ ពោធិ៍សាត់

Share.