បន្ទាប់ពីវាយដណ្ដើមយកទីក្រុងទី២ របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុងរយៈពេលត្រឹម ២៤ម៉ោងរូច និងបានប្រកាសថាក្រុមរបស់ខ្លួនបានកាន់កាប់ទីក្រុង Kundus នៅប៉ែកខាងជើងអាហ្វហ្កានីស្ថានទាំងស្រុង ពេលនេះក្រុមតាលីបង់បានវាយដណ្ដើមទីក្រុង Mazar-i-Sharif ដែលជាបន្ទាយភាគខាងជើងចុងក្រោយដ៏សំខាន់របស់កងកម្លាំងរដ្ឋាភិបាលអាហ្វាហ្កានីស្ថាន។ ប៉ុន្តែកងទ័ពអាហ្វហ្កានីស្ថាន បានដកថយ និងមិនតស៊ូប្រយុទ្ធជាមួយនឹងក្រុមតាលីបង់នោះទេ គឺទុកឲ្យក្រុមនេះដណ្ដើមបានទីក្រុងសំខាន់មួយចំនួនទៅវិញ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងទេថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានកំពុងតែគិត និង រៀបផែនការតបត ជាមួយក្រុមតាលីបង់បែបណានោះទេ ព្រោះពេលនេះកងទ័ពបានដកថយមកការពារនៅទីក្រុងធំៗរបស់ប្រទេសទៅវិញ។ នេះជាដើមហេតុដែលធ្វើឲ្យក្រុមតាលីបង់អាចវាយដណ្ដើមទីក្រុងសំខាន់ៗនៅភាគខាងជើងអាហ្វហ្កានីស្ថានបានលឿនបែបនេះ បច្ចុប្បន្នតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងលិចរបស់អាហ្វហ្កានីស្ថានត្រូវបានក្រុមតាលីបង់គ្រប់គ្រងបានស្ទើតែទាំងស្រុង។

ស្របពេលដែលប្រទេសកំពុងតែវឹកវរ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក​ Mohammad Ashra Ghani បានចេញសេចក្ដីការណ៍ជាលើកដំបូង ដោយបេ្តជ្ញាការពារប្រទេសរបស់លោកមិនឲ្យកើតមានអស្ថិរភាពជាដាច់ខាត នៅចំពោះមុខការគំរាមកំហែងពីសំណាក់ក្រុមតាលីបង់។


ជាមួយគ្នា​នេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ូលបានអំពាវនាវឲ្យពលរដ្ឋអាមេរិកចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់ ខណៈដែលកងទ័ពអាមេរិកបានទៅដល់ទីក្រុងកាប៊ុលជាបណ្ដើរៗដើម្បីជម្លៀសប្រជាជន និង មន្ត្រីស្ថានទូតរបស់ខ្លួន ដោយយោងទៅលើស្ថានភាពអសន្តិសុខ និង ការវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗរបស់ប្រទេសអាហ្វហ្កានីស្ថាន។ ដោយឡែកលោក ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានលើកឡើងថា ទោះបីជាទាហានអាមេរិកបន្តនៅអាហ្វហ្កានីស្ថាន ៥ឆ្នាំទៀតក៏ដោយ ក៏មិនអាចផ្លាស់ប្ដូរអ្វីដែរ ព្រោះអាហ្វហ្កានីស្ថានមិនអាចមានសមត្ថភាពការពារប្រទេសដោយខ្លួនឯងផងនោះ។

ការដកកងទ័ព រឺ ទាហានរបស់អាមេរិកយ៉ាងប្រញាប់ប្រញាលដោយមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អាហ្វហ្កានីស្ថានបែបនេះ កំពុងតែធ្វើឲ្យលោក ចូ បៃដិន ទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ ​ប៉ុន្តែលោក ចូ បៃដិននៅតែបន្តសម្រេចចិត្តឲ្យដកទ័ពចេញពីប្រទេសកំពុងវឹកវរនេះដដែល។ លោក ចូ បៃដិនក៏បានព្រមានក្រុមតាលីបង់ផងដែរថា ប្រសិនបើហ៊ានវាយប្រហារលើកងទ័ពអាមេរិក នោះសហរដ្ឋអាមេរិកនិងតបស្នងទៅក្រុមនេះវិញឲ្យបានស័ក្ដិសម។ ប៉ុន្តែ បើតាមក្រុមជំនាញផ្នែកចារកម្មរបស់សហរដ្ឋអាមរិក បានយល់ឃើញថា នៅពេលខាងមុខប្រសិនបើសហរដ្ឋអាមេរិកធ្វេសប្រហែសពួកភេរករ នឹងតាមសងសឹកសហរដ្ឋអាមេរិកដល់ប្រទេសវិញ បន្ទាប់ពីការព្រមានរបស់លោក​ ចូ បៃដិន ទៅកាន់ក្រុមតាលីបង់ពេលព្យាយាមរំដោះកងទ័ព និង ប្រជាជនរបស់ខ្លួននៅព្រលានយន្តហោះទីក្រុងកាប៊ុល៕

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
ប្រភព៖ BBC & Aljazeera

Share.