ទីក្រុងបាងកក៖ និយោជិតទាំងឡាយនៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ ដើម្បីជៀសវាងខ្យល់អាកាសដែលរងការបំពុល ដោយអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព ខណៈដែលស្រទាប់អ័ព្ទដ៏អាក្រក់ បានគ្របដណ្តប់ពាសពេញរាជធានីរបស់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហប្រតិបត្តិការពីនិយោជក ដើម្បីជួយបុគ្គលិកធ្វើការទាំងឡាយ នៅក្នុងទីក្រុងដែលមានមនុស្សប្រមាណ ១១លាននាក់ ជៀសវាងពីការបំពុល ដែលត្រូវបានគេរំពឹងថា នឹងបន្ដគ្របដណ្ដប់លើទីក្រុងនេះរហូតដល់ថ្ងៃសុក្រ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយកាលពីល្ងាចថ្ងៃពុធ ក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំចង់ស្នើសុំកិច្ចសហការពីក្រុមហ៊ុន និងស្ថាប័នសរុប១៥១ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុងទីក្រុងអាចធ្វើការពីផ្ទះ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយបន្ថែមថា មនុស្សជាង ៦០,០០០នាក់ នឹងរងផលប៉ះពាល់»។ លោក Chadchart បាននិយាយថា «យ៉ាងហោចណាស់សង្កាត់ចំនួន២០ នៃសង្កាត់ចំនួន៥០ របស់ទីក្រុងបាងកក ត្រូវបានគេរំពឹងថា នឹងមានកម្រិតនៃភាគល្អិត PM2.5 ដែលជាកម្រិតខ្យល់មិនល្អសម្រាប់សុខភាព ហើយបញ្ហានេះនឹងបន្តកើតមានដោយសារតែអាកាសធាតុ។

គេហទំព័រត្រួតពិនិត្យខ្យល់ IQAir បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកក ក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ទីក្រុងបាងកក និងទីក្រុងឈៀងម៉ៃនៅភាគខាងជើង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត ជាច្រើនលើកកាលពីឆ្នាំមុន។

គុណភាពខ្យល់នៅក្នុងប្រទេសថៃ ធ្លាក់ចុះជាប្រចាំនៅដើមឆ្នាំ ដោយសារដុតព្រៃ ឬ ដុតវាលនៅតាមវាលស្រែ រួមទាំងការបំភាយឧស្ម័នពីរោងចក្រឧស្សាហកម្ម និងផ្សែងយានយន្ដគ្រប់ប្រភេទក្នុងទីក្រុង។ វិបត្តិសុខភាពសាធារណៈកំពុងផ្ទុះឡើងជុំវិញបញ្ហានេះ ដោយមានមនុស្សយ៉ាងហោចណាស់ ២លាននាក់នៅក្នុងប្រទេសថៃ បានស្វែងរកការព្យាបាលបញ្ហាសុខភាព ដោយសារការបំពុលខ្យល់កាលពីឆ្នាំ 2023 ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថ្មី លោក ស្រេតថា ថាវីស៊ីន ដែលបានចូលកាន់តំណែងកាលពីខែសីហា ឆ្នាំមុន បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហានៃការបំពុលបរិយាកាសក្នុងលក្ខណៈជារបៀបវារៈជាតិមួយ ហើយសេចក្តីព្រាងច្បាប់ស្ដីពីខ្យល់ស្អាតត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោកកាលពីខែមុននេះ។ ប៉ុន្តែ យ៉ាងណាក្ដី បញ្ហានៃការបំពុលនៅតែបន្តកើតមាន ហើយតុលាការនៅឈៀងម៉ៃកាលពីខែមុន បានបញ្ជាឱ្យរដ្ឋាភិបាលបង្កើតផែនការបន្ទាន់មួយ ដើម្បីដោះស្រាយការបំពុលបរិយាកាសឱ្យបាន ក្នុងរយៈពេល ៩០ថ្ងៃ៕

ប្រភព៖ CNA

Share.